(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជាបានស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ ជួយជំរុញចរន្តភ្ញៀវទេសចរពីឥណ្ឌាមកកាន់កម្ពុជាបន្ថែមទៀត ព្រមទាំងស្នើពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការទាក់ទាញលំហូរភ្ញៀវទេសចរចូលមកកម្ពុជា។

ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើតាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ដើម្បីជួយជំរុញបន្ថែមទៀតនូវចរន្តភ្ញៀវទេសចរពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ពិសេសនៅសៀមរាប-អង្គរ ដែលមានសក្ដានុពលផ្នែកទេសចរណ៍សាសនា និងទេសចរណ៍អាពាហ៍ពិពាហ៍ (Honeymoon) ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកដំណើរការឡើងវិញការផ្តល់ទិដ្ឋការពេលមកដល់ (Visa on arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក រួមជាមួយការលុបចោលកាត្វកិច្ចនៃការធ្វើតេស្តរហ័ស (Rapid Test) និងការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យភាគីឥណ្ឌាជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ទៅមកកម្ពុជា-ឥណ្ឌា ដើម្បីគាំទ្រដល់ការជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក ប៉ុន្តែនៅចំពោះមុខនេះគួរត្រូវចាប់ផ្តើមពីការរៀបចំមានហោះហើរមួយសប្តាហ៍ម្តងមកភ្នំពេញ ឬសៀមរាបជាមុនសិន។

លោករដ្ឋមន្ត្រី ថោង ខុន បានប្ដេជ្ញាថា ភាគីក្រសួងទេសចរណ៍កម្ពុជារីករាយក្នុងការផ្តល់កិច្ចសហការលើការងារនេះយ៉ាងពេញទំហឹង ទាំងកិច្ចសហប្រតិបត្តិការរៀបចំឱ្យមានការផ្លាស់ប្ដូរជើងហោះហើរ និងការតភ្ជាប់ជើងហោះហើរត្រង់។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ខូប្រាហ្កាដេ បានជម្រាបជូនថា លោកស្រីកំពុងខិតខំពិភាក្សា ក៏ដូចជាជំរុញឱ្យវិស័យឯកជនខាងភាគីឥណ្ឌារៀបចំឱ្យមាន Charter FlightDirect Flight ពីទីក្រុងណាមួយរបស់ឥណ្ឌាមកកាន់កម្ពុជា ដោយលោកស្រីបានលើកឡើងថា ពេលនេះជាពេលល្អបំផុតសម្រាប់ភ្ញៀវទេសចរឥណ្ឌាក្នុងការមកទស្សនាកម្ពុជា ខណៈកម្ពុជាមានការអភិវឌ្ឍច្រើន ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បន្ធូរបន្ថយលក្ខខណ្ឌស្ទើរទាំងអស់ពាក់ព័ន្ធនឹងរបាំងនៃការធ្វើដំណើរ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់បន្ថែមថា សម្រាប់ក្រសួងទេសចរណ៍កម្ពុជាក៏នឹងសម្របសម្រួលដល់សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិក (PATA) ជាដើម បានជួបជាមួយដៃគូក្រុមហ៊ុនទេសចរណ៍ខាងឥណ្ឌា ដើម្បីឈានទៅដល់ការរៀបចំឱ្យមាន Charter Flight ឬ Schedule Direct Flight និងការងាររៀបចំទទួលភ្ញៀវទេសចរពីប្រទេសឥណ្ឌា។

គួរជម្រាបថា ដោយសារបច្ចុប្បន្នមិនទាន់មានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដូច្នេះភ្ញៀវទេសចរនិងអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសឥណ្ឌាមកកាន់កម្ពុជា គឺត្រូវផ្លាស់ប្ដូរជើងហោះហើរនៅប្រទេសថៃ ឬសិង្ហបុរី មុននឹងបន្តដំណើរមកដល់កម្ពុជា៕