(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក គីម ហ៊ាង និងជាប្រធានកិច្ចប្រជុំអ្នកវាយតម្លៃអាស៊ាន បានថ្លែងបញ្ជាក់ថា សមាជលើកទី១៩ របស់សមាគមអ្នកវាយតម្លៃអាស៊ាន បញ្ចប់ដោយជោគជ័យ បន្ទាប់ពីកម្ពុជាបំពេញការងារជាម្ចាស់ផ្ទះ បានយ៉ាងល្អ រយៈពេល៤ថ្ងៃ កន្លងមកនេះ។

សមាជលើកទី១៩ របស់សមាគមអ្នកវាយតម្លៃអាស៊ាន ត្រូវបានរៀបចំកម្មវិធីបិទនៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ នាសណ្ឋាគារសូហ្វីតែល ដោយមានការចូលរួមពីលោក ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការក្រសួងដែន នគរូបនីយកម្ម និងសំណង់ ព្រមទាំងតំណាងសមាគមទាំង ៨ប្រទេស ដែលជាសមាជិករបស់សមាគម អ្នកវាយតម្លៃអាស៊ាន។

លោក គីម ហ៊ាង បានបញ្ជាក់ថា កិច្ចប្រជុំរយៈពេល៤ថ្ងៃនេះ ដោយទទួលបាននូវផ្លែផ្កាជាច្រើន សម្រាប់ជាផលប្រយោជន៍ នៃវិស័យអចលនវត្ថុកម្ពុជា ពិសេសគឺទទួលបាននូវការយល់ដឹង ពីស្ដង់ដាវាយតម្លៃតែម្ដង ។

លោកប្រធានសមាគរូបនេះថ្លែងថា ឆ្លងកាត់កិច្ចប្រជុំប៉ុន្មានថ្ងៃមកនេះ កម្ពុជាទទួលនូវការបណ្ដុះបណ្ដាល ជំនាញមួយចំនួនទាក់ទងនឹងការវាយតម្លៃ ហើយអ្នកជំនាញរបស់កម្ពុជា បានបង្កើតទំនាក់ទំនងល្អ ក្នុងតំបន់អាស៊ាន ដោយប្រទេសទាំងអស់ អាចរកស៊ីវិស័យដីធ្លីបានកាន់តែងាយស្រួល តាមរយៈបណ្ដាញសមាគមអ្នកវាយតម្លៃ ដែលចូលរួមក្នុងកិច្ចប្រជុំ ដូច្នេះឱកាសនៃការវិនិយោគលើវិស័យដីធ្លី ក្នុងតំបន់អាស៊ាននៅថ្ងៃខាងមុខ គឺនឹងមានភាពងាយស្រួលលែងជា បញ្ហាចោទទៀតហើយ។

លោក គីម ហ៊ាង ថ្លែងថា «នេះជាប្រវត្តិសាស្រ្ដថ្មីមួយ ដែលប្រទេសកម្ពុជាធ្វើកម្មវិធីនេះជាលើលដំបូង ហើយមានអ្នកចូលរួមរហូតដល់៤០០នាក់។ ព្រោះថានៅប្រទេសជិតខាង ដែលធ្វើកម្មវិធីអាស៊ាននេះដូចគ្នា កាលពី២ឆ្នាំមុន អ្នកដែលចូលរួម គឺមិនបានដល់៤០០នាក់នោះទេ នេះក៏ជាមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជា ថ្វីត្បិតនេះជាលើកទី១ ដែលយើងធ្វើកម្មវិធីនេះមែនតែអ្វីដែល យើងខំប្រឹងប្រែងពិតជាទទួលបានជោគជ័យ»