(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសមជាមួយ លោក កាំង បាប្លូ (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពី លោកស្រី រេប៊ិកកា បល (Rebecca Ball) ស្នងការពាណិជ្ជកម្មអូស្ត្រាលីប្រចាំកម្ពុជា និងប្រទេសវៀតណាម និងលេខាទូតផងដែរ។ ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងឱកាស នៃជំនួបពិភាក្សានេះ អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងចូលរួមអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកាទូតកម្ពុជា-អូស្ត្រាលី។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះ កម្ពុជា គឺជាម្ចាស់ផ្ទះអាស៊ាន ដែលជាឆ្នាំដ៏ប្រសើរ ក្នុងការជំរុញទំនាក់ទំនងអូស្រ្តាលីអាស៊ានផងដែរ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន អ្នកឧកញ៉ាប្រធាន អញ្ជើញក្រុមហ៊ុនអូស្ត្រាលី ចូលរួមគាំទ្រដល់ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលនឹងរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះ។

កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នឹងលើកយកប្រធានបទដ៏មានសារៈសំខាន់មកពិភាក្សា និងដាក់ជូនជារបាយការណ៍ទៅរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជា ថ្នាក់ដឹកនាំអាស៊ាន។ អ្នកឧកញ៉ាប្រធាន ស្នើឲ្យអូស្ត្រាលីជួយជំរុញវិស័យកសិកម្មទាំងបច្ចេកទេសដាំដុះ ប្រមូលផល កែច្នៃ និងទីផ្សារ ព្រោះអូស្ត្រាលីជាប្រទេសដែលមានបច្ចេកវិទ្យា និងជំនាញខាងវិស័យកសិកម្ម។

ក្រៅពីនេះ អ្នកឧកញ៉ាប្រធាន ស្វាគមន៍ចំពោះការវិនិយោគរបស់អូស្ត្រាលីក្នុងវិស័យរ៉ែ ថាមពល និងកម្មន្តសាល។ អ្នកឧកញ៉ា បានស្នើរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចធុរកិច្ចទៅកាន់អូស្រ្តាលីនៅត្រីមាសទី១ ឆ្នាំក្រោយ ហើយនិងពិភាក្សាលម្អិតជាមួយស្ថានទូតអូស្ត្រាលីអំពីកម្មវិធីទស្សនកិច្ច និងវិស័យសំខាន់ៗ ដែលត្រូវផ្តោតយកចិត្តទុកដាក់។ អ្នកឧកញ៉ាប្រធាន ក៏បានអញ្ជើញគណៈប្រតិភូធុរកិច្ចអូស្ត្រាលី មកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ អ្នកឧកញ៉ាប្រធាន និងបានបញ្ជាក់ថា ស្ថានទូតអូស្រ្តាលី តែងតែជួយគាំទ្រដល់វិស័យកសិកម្ម ហើយ បាននិងកំពុងអភិវឌ្ឍន៍កម្មវិធីថ្មីៗ ដែលជួយគាំទ្រដល់ខ្សែច្រវ៉ាក់ផ្តត់ផ្គង់ទាំងមូល ជាពិសេសការបង្កើតសួនកសិឧស្សាហកម្ម ការជំរុញស្តង់ដារផលិតផល ភូតគោមអនាម័យ ការធ្វើពិពិធកម្មកសិកម្ម និងប្រព័ន្ធស្រោចស្រប់ជាដើម។

លោកបានលើកឡើងថា ឆ្នាំកន្លងទៅនេះ គឺជាឆ្នាំដ៏លំបាក ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ និងបានរំលឹកអំពីការចូលរួមរបស់ធនាគារវីង ក្នុងការបញ្ជូនប្រាក់ទៅដល់ដៃជនក្រីក្រពិតប្រាកដ ដែលរងគ្រោះដោយសារវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩។ លោកបានគូសបញ្ជាក់អំពីសក្តានុពល នៃការវិនិយោគទៅលើថាមពលកកើតឡើងវិញ និងការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនអូស្ត្រាលី នៅខេត្តមណ្ឌលគីរី ដែលជាគម្រូមួយ នៃការវិនិយោគរបស់អូស្រ្តាលី។

លោកស្វាគមន៍ចំពោះដំណើរទស្សនកិច្ច ទៅកាន់អូស្រ្តាលី និងបានជម្រាបថា ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២តទៅ អូស្រ្តាលីនឹងបើកចំហរប្រទេសទទួលភ្ញៀវទេសចរណ៍ដែលចាក់វ៉ាង់សាំងកូវីដ១៩រួចរាល់ ដោយពុំតម្រូវឲ្យធ្វើតេស្តកូវីដដូចមុនឡើយ។

ដោយឡែក លោកស្រីស្នងការពាណិជ្ជកម្ម បានបង្ហាញនូវបំណងសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងស្វែងយល់អំពីក្រុមហ៊ុន ដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពិនិត្យលទ្ធភាពសហការរួមគ្នាជាមួយក្រុមហ៊ុនអូស្ត្រាលី នៅក្នុងតំបន់ និងនៅប្រទេសជិតខាង។

លោកស្រី បានគាំទ្រចំពោះការរៀបចំព្រឹត្តការណ៍រួមគ្នា និងបន្តពិភាក្សាគ្នាលើការរៀបចំទស្សនកិច្ចទៅអូស្រ្តាលី ក៏ដូចជាកម្មវិធីផ្សេងៗទៀត រួមមាន ការរៀបចំបេសកកម្មវិស័យកសិកម្មកម្ពុជា អូស្ត្រាលីជាដើម។

គួរជម្រាបថា កិច្ចពិភាក្សាបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព៕