(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំទៅអាជ្ញាធរដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បំផុសឲ្យមានការប្រុងប្រយ័ត្នការអុច ទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆាបឆេះផ្សេងៗ ដូចជាអគ្គិសនីជាដើមនៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ។ ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះបានធ្វើឡើង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ក្នុងកិច្ចប្រជុំផែនការសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងកិច្ចប្រជុំនេះ មានការពីចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាព ចំណុះុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើនូវចំណុចសំខាន់ៗ មួយចំនួនដូចជា៖

* ទី១៖ រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់ទីវត្តអារាម ត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចដោយបដា ទង់ជាតិ ទង់ ក្អែប ទង់ជ្វាលា អមដោយពន្លឺភ្លើងព៌ណតាមដងផ្លូវ និងទីប្រជុំជន ជាពិសេសនៅក្នុងក្រុងស្វាយរៀង

* ទី២៖ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវរៀបចំកម្លាំងប្រចាំការដោយមានការផ្លាស់វេនគ្នា យាមល្បាតតាមបណ្ដាគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង ដើម្បីអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលមានបទល្មើស ឬគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះអគ្គិភ័យកើតឡើង ហើយរាយការណ៍ឲ្យបានលឿនតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវមានមុខប្រចាំការ ២៤/២៤ម៉ោង ក្នុងនោះត្រូវយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោផងដែរ

* ទី៣៖ បន្តផ្សព្វផ្សាយបញ្ហាជំងឺកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាក ដូចជាការរក្សាគម្លាតសុវត្ថិភាព ពិសេសវិធាន ការ៣កុំ ៣ការពារ ឲ្យបានទូលំទូលាយ

* ទី៤៖ មន្ទីរសុខាភិបាល ត្រូវចាត់តាំងឲ្យមានគ្រូពេទ្យប្រចាំការនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពឲ្យបានច្បាស់លាស់ និងសហការជាមួយរដ្ឋបាលក្រុង ស្រុក គួររៀបចំទីតាំងជាក់លាក់ណាមួយនៅមូលដ្ឋានសម្រាប់ការធ្វើតេស្តរហ័ស

* ទី៥៖ ហាមដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹកគ្រប់ទម្រង់ ប៉ាតម្សៅ អុជផាវ អុជកាំជ្រួច ឬគ្រឿងបន្ទុះផ្សេងៗ ដែលជាសកម្មភាពខុសច្បាប់ និងប៉ះពាល់ដល់ប្រពៃណីជាតិ៕