(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ លោកស្រី ណូលីន ហៃហ្ស៊ើ ប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាថា កម្ពុជា និងអង្គការសហប្រជាជាតិ មានចំណុចរួមគ្នា គឺជួយស្វែងរកសន្តិភាព ជូនប្រជាជនមីយ៉ាន់ម៉ា ហើយអ្វីដែលត្រូវធ្វើបន្ទាន់គឺបញ្ឈប់អំពើហិង្សា និងនាំអំណោយមនុស្សធម៌។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អនុញ្ញាតឲ្យប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ារូបនេះចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅក្នុងជំនួបនោះ លោកស្រី ណូលីន បានគោរព សម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោដែលបានទទួលមេដាយសន្តិភាព នៅប្រទេសកូរ៉េ កន្លងមកនិង សម្ដែងការអបអរសាទរផងដែរ ដែលថ្មីៗនេះ កងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ ពីអង្គការសហប្រជាជាតិ ។

លោកស្រីបានជម្រាបសម្តេចតេជោ នូវកិច្ចការដែលលោកស្រី បានធ្វើ៣ខែកន្លងមក ក្នុងនាមជាប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជារួមមាន ការពិចារណាដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមរយៈបង្កើតក្របខណ្ឌពហុច្រក ឈរលើមូលដ្ឋានទស្សនទានរង្វង់៣ស្រទាប់រួមមាន៖

ស្រទាប់ទី១៖ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ។

ស្រទាប់ទី២៖ គឺដំណើរការដឹកនាំដោយ សហគមន៍ តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ចូលរួម

និងស្រទាប់ទី៣៖ ស្រទាប់ខាងក្រៅបង្អស់ គឺសហគមន៍អន្តរជាតិ ដែលភាគច្រើនជាប្រទេសលោកខាងលិច។

លោកស្រីណូលីន បានបន្ថែមថា ក្របខ័ណ្ឌនេះមិនខុសពីការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ានទេ គឺទី១៖ផ្ដោតការខិតខំទៅលើមួយជំនួយមនុស្សធម៌ , ទី២៖ ការការពារប្រជាជន និង ទី៣៖ វិលទៅរកការគ្រប់គ្រងស៊ីវិលដែល ជាការចាំបាច់ត្រូវមានការ កសាងទំនុកចិត្ត ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ជូនលោកស្រី ណូលីន ដែលបានសម្ដែងនូវការអបអរសាទរ ចំពោះការទទួលមេដាយសន្តិភាព និងកងរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ អង្គការសហប្រជាជាតិ។

សម្ដេចតេជោបានថ្លែងអំណរគុណ លោកស្រី ណូលីន ដែលបានលើកឡើងអំពី ករណីមីយ៉ាន់ម៉ា។សម្ដេចតេជោ បានមានប្រសាសន៍ថា យើងមានចំណុចរួមគ្នានោះ គឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាព និងការរីកចម្រើន ហើយអ្វីដែលត្រូវធ្វើជាមិនទាន់នោះគឺបញ្ឈប់អំពើហិង្សា , នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ ដែលកំពុងត្រូវការ និងបង្កលក្ខណៈ ជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន៕