(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកអំណោយសម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាគ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរាចំនួន ៤០គ្រួសារ នៅសហគមន៍អណ្តូងតាអៀងក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដើម្បីសម្រាល​ការលំបាក​ដល់ ជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេល។

សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហោ វាសនា អភិបាល​រង​ខណ្ឌ លោក ញាណ ចាន់សោភា និងចៅសង្កាត់ និងយុវជន ខណ្ឌ-សង្កាត់ ជាច្រើននាក់ផងដែរ។ លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល បានឲ្យដឹងថា អំណោយដែលកាកបាទ​ក្រហមនាំ​យកមកចែកជូននាពេលនេះ រួមមាន៖ អង្ករ១ប៉ាវ មី១កេស, ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ១កេស និងឃីត១ឈុត (មុង១ ភួយ១ សារុង១ ក្រមា១) ឃីត១កញ្ចប់ និងថវិកា​៣មឺនរៀលផងដែរ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានបញ្ជូនរថយន្តដឹកទឹក ដើម្បីយកទៅផ្គត់ផ្គង់ដល់ បងប្អូននៅក្នុងសហគមន៍ ដែលខ្វះខាតទឹកស្អាត ប្រើប្រាស់។ ក្នុងឱកាសនោះ លោក អ៊ាង ស៊ីផាន បានថ្លែងថា អនុវត្តតាមគោលការណ៍ របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន ជានិច្ចជាកាល និងមានការណែនាំបន្ថែម​ពីប្រធានសាខាកាកបាទ​ក្រហម​រាជ​ធានីភ្នំពេញ អនុសាខាកាក បាទក្រហម ខណ្ឌបានយក ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព។

លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ី​ទទួលទានប្រចាំថ្ងៃទៅតាមអ្​វីដែលអាចធ្វើ​បានតែសូមកុំ​រកស៊ីមុខរបរណា​ដែលខុសច្បាប់ និងមិនត្រូវអស់សង្ឃឹម​ក្នុងជីវិតនោះ​ឡើយ ដើម្បីទ្រទ្រង់ជីវភាព អោយ បានប្រសើរឡើង។ លើសពីនេះទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ  ក្នុងការធ្វើដំ ណើរតាម​ដង​ផ្លូវ ដោយនាំគ្នា គោរពច្បាប់ចរាចរទាំងអស់គ្នា ៕