(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចាស់ជរា ជនពិការ កុមារកំព្រា ស្រ្តីមេម៉ាយ និងក្រីក្រ ចំនួន៥០គ្រួសារ នៅឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ គ្រួសារនីមួយៗ ទទួលបាន៖ អង្ក មី ទឹកត្រី ទឹកស៊ីអីវ ម៉ាស និងអាល់កុល សរុបជាទឹកប្រាក់៦លានរៀល។

ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនប្រជាពលរដ្ឋផងដែរ។

លោកបណ្ឌិត សម តារា ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅក្នុងបរិបទនៃការរស់នៅការបែបគន្លងថ្មី ត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ និងត្រូវទៅចាក់វ៉ាក់សាំងទៅតាមកំណត់ នៅតាមមូលដ្ឋានរៀងៗខ្លួន។

ជាមួយគ្នានេះ លោកបណ្ឌិត សម តារា បានលើកឡើងពីរាជរដ្ឋាភិបាល ដែលបានបើកប្រទេសពេញលេញឡើងវិញ ដោយសារតែក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងយ៉ាងល្អលើសមភូមិកូវីដ-១៩ និងការស្វែងរកវ៉ាក់សាំងចាក់ស្រោចជូនប្រជាពលរដ្ឋ ដែលបង្កើតបានជាភាពសាំសហគមន៍ ដែលអាចដំណើរការ សង្គម-សេដ្ឋកិច្ចឡើងវិញ។

លោកបណ្ឌិត សម តារា បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្ដចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាព ដែលសន្ដិភាពនេះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ មានការរីកចម្រើន ខណៈដែលប្រទេសនៅតំបន់អ៊ឺរ៉ុប ឬក៏ប្រទេសមួយចំនួននៅអ៊ឺរ៉ុប ដូចជាអ៊ុយក្រែនជាដើម ដែលកំពុងជួបបញ្ហាសង្គ្រាម ដែលត្រូវការចាំបាច់នូវសន្ដិភាព ហើយចំពោះកម្ពុជា មានសន្ដិភាពពេញលេញបរិបូរណ៍ ដូច្នេះសូមជួយថែរក្សាទាំងអស់គ្នា៕