(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាពិសេសសិស្សសាលាតូចៗ សូមទទូច និងស្នើសុំទៅអភិបាលខណ្ឌច្បារអំពៅ និងលោកចៅសង្កាត់មេត្តា ចុះទៅជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាទឹកលិចផ្លូវលំមួយខ្សែ ស្ថិតនៅខាងជើងវត្តកំសាន្ត ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ការត្អូញត្អែររបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើង ក្រោយពេលដែលបញ្ហាផ្លូវលំ១ខ្សែនេះ ត្រូវបានដក់ទឹកស្អុយរៀងរាល់ថ្ងៃ ហើយមិនទាន់ឃើញអាជ្ញាធរមូលដ្ឋាន ក៏ដូចជា មន្រ្តីជំនាញចុះមកមើលនោះទេ។ បញ្ហាដុះស្លែមួយនេះ បានធ្វើឲ្យកូនសិស្សសាលាបឋមសិក្សាវត្តកំសាន្ត ពិបាកធ្វើដំណើរទៅរៀន ត្រូវបង្ខំចិត្តលុយទឹកស្អុយនេះតែម្តង។

សម្រាប់បញ្ហានេះ ត្រូវប្រជាពលរដ្ឋលើកឡើងថា អាចបណ្តាលមកពីការស្ទះលូមកពីសំរាម និងកាសសំណល់ផ្សេងៗ ដែលត្រូវបានបោះចោល ហើយហូរចាល់ទឹកតែម្តង។ ប្រជាពលរដ្ឋបានលើកឡើងថា បើអាជ្ញាធរមិនទាន់បានដោះស្រាយទាន់ពេលវេលាទេ នោះនឹងធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង និងការធ្វើដំណើរទៀត សោតកាន់តែជួបការលំបាកខ្លាំងឡើងៗ៕