(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា (Badminton) បានចាប់ផ្តើមបើកយុទ្ធនាការថ្មី សម្រាប់ត្រៀម SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ តាមរយៈការបណ្ដុះបណ្ដាលថ្នាលយុវជន តាមសមាគម-ក្លឹបទូទាំងប្រទេស ក្នុងអង្គមហា សន្និបាតបញ្ចប់អាណត្តិចាស់ ឆ្នាំ២០១២-២០១៦ និងលើកទិសដៅអាណត្តិថ្មីឆ្នាំ២០១៦-២០២០។

អង្គមហាសន្និបាតបញ្ចប់អាណត្តិទី៨នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅទីស្នាក់ការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាពប្រធានសហព័ន្ធលោកឧត្តមសេនីយ៍ឯក លី កុសល និងសមាជិកប្រតិបត្តិសហព័ន្ធ តំណាងសមាគម-ក្លឹប និងកីឡាករ-កីឡាការិនី ជាច្រើនរូបផងដែរ។

លោក លី កុសល បានមានប្រសាសន៍ថា «បច្ចុប្បន្នកីឡាវាយសីកម្ពុជា កំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយស្ថាប័នអន្ដរជាតិ ក៏ទទួលស្គាល់ពីសមត្ថភាពកីឡាវាយសីកម្ពុជាដែរ។ ប៉ុន្ដែដើម្បីត្រៀម SEA Games ឆ្នាំ២០២៣ សមត្ថភាពពេលនេះ នៅមិនទាន់គ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតផ្លូវការលើឆាកអន្ដរជាតិនោះទេ»

ហេតុដូច្នេះប្រធានសហព័ន្ធ បានអំពាវនាវដល់សមាគម-ក្លឹប ដែលជាសមាជិកសហព័ន្ធ ត្រូវផ្សព្វផ្សាយ និងពង្រឹងការបណ្ដុះបណ្ដាលថ្នាលយុវជន និងស្វែងរកអ្នកមានទេពកោសល្យក្នុងប្រភេទកីឡានេះ ដើម្បីជំរុញការហ្វឹកហាត់របស់ពួកគេឲ្យទទួលបានលទ្ធផលល្អ សម្រាប់ត្រៀមប្រកួតប្រជែងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីសម្រួចសមត្ថភាព បច្ចេកទេសនៅក្នុងទិសដៅ SEA Games ឆ្នាំ២០២៣។

ប្រធានសហព័ន្ធរូបនេះ បានលើកទិសដៅសំខាន់ៗមួយចំនួន នៅក្នុងអង្គមហាសន្និបាតខាងលើ ដើម្បីធ្វើកំណែទម្រង់ និងពង្រឹងការអនុវត្តក្នុងអាណត្តិថ្មី ដូចជាការបង្កើតផែនការច្បាស់លាស់ក្នុងអាណត្តិទី៩នេះ ដោយផ្ដើមចេញពីផែនការ មេឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ ហើយក៏ត្រូវកំណត់ការប្រជុំ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដើម្បីធ្វើឲ្យការអភិវឌ្ឍកាន់តែរីកចម្រើនទៀតផង។

គួរបញ្ជាក់ផងដែរថា នៅក្នុងអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៨ និងលើកទិសដៅអនុវត្តន៍ក្នុងអាណត្តិទី៩នេះ ដោយមានបេក្ខជនឈរឈ្មោះបន្ថែម អង្គមហាសន្និបាតបានសម្រេចអនុម័តរក្សាមុខតំណែងសមាជិកប្រតិបត្តិ ចាស់ដដែល ក្នុងនោះលោកឧត្តមសេនីយ៍ឯក លី កុសល ធ្វើជាប្រធាន, លោក មាស សារិន អនុប្រធាន, លោក ស្ដើង ជាអគ្គលេខាធិការ, លោក ជាម សុភា និងលោក អាំង សំបូរ អគ្គលេខាធិការរង រួមទាំងសមាជិក៤រូបផ្សេងទៀត៕