(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ ដំណើរការសាងសង់ស្ថានីយ៍ បូមទឹកទួលគោកទី២ សម្រេចបានលទ្ធផល ៧០ភាគរយ នៃ គម្រោងហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅលើFacebook Page ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស​ អភិបាលរាជធានី ភ្នំពេញបង្ហោះឲ្យដឹងនៅមុននេះបន្តិច។

លោក ប៉ា សុជាតិវង្ស​ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នោះថា «គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ ដំណើរការសាងសង់ ស្ថានីយ៍ បូមទឹកទួលគោកទី២ សម្រេចបានលទ្ឋផល ៧០ភាគរយ នៃ គម្រោង។ គម្រោងនេះ សាងសង់អគារ ស្ថានីយ៍បូមទឹកបណ្តោយ ១៧.៥ម៉ែត្រទទឹង ១៣.៥ម៉ែត្រ បំពាក់ដោយម៉ូទ័របូមទឹកចំនួន ៥គ្រឿង ក្នុងនោះម៉ូទ័រទំហំ ០.៦ម ចំនួន៣គ្រឿង និងទំហំ០.៥ម ចំនួន២គ្រឿង ដែលមានសមត្ថភាព បូមទឹក១៨០០០ម៉ែត្រគូប ក្នុង១ម៉ោង ត្រូវជា៥ម៉ែត្រគូប ក្នុង១វិនាទី។ គម្រោងនឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ ភ្លើងស្តុបនាគវ័ន្ត ផ្លូវលេខ៦០៨ វិថីសម្តេច ប៉ែន នុត ផ្លូវលេខ៥៦៦ ផ្លូវលេខ៥២៨ ផ្លូវលេខ២៨៣ ផ្លូវលេខ១៣២»។

គួរបញ្ជាក់ថា ស្ថានីយ៏បូមទឹកទួលគោកទី២នេះ ត្រូវបំពាក់ម៉ូទ័របូមទឹកចំនួន៥គ្រឿង ដែលមានសមត្ថភាព បូម៥ម៉ែត្រគូបក្នុង១វិនាទី។ ដោយប្រឡាយ អូរបាក់ទូក បានដំណើរការកាយស្តារ២ខែមកហើយ ដោយចាប់ពីផ្លូវទំនប់៧០ រហូតដល់ផ្លូវបូរីទួលសង្កែ ប្រវែង៣៧០០ ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រ ទៅ៥០ម៉ែត្រ បន្ទាប់ពីស្ថាបនារួចប្រពន្ធ័ទាំងពីរ ខាងលើនេះ អាចរំដោះទឹកចេញពីតំបន់ទួលគោក តំបន់ស្រះចក ដូនពេញ និងតំបន់ទួលសង្កែឬ អាច រំដោះទឹកពីភាគខាងជើងរាជធានីភ្នំពេញ។ តាមគម្រោង ស្ថានីយ៏បូមទឹកទួលគោកទី២នេះនឹងបញ្ចប់ នៅអំឡុងខែឧសភា២០១៦នេះ៕