(កម្ពុជា)៖ ក្រោម​លេស​ទាម​ទារ​សិទ្ធិ​សេរីភាព​ និង​យុត្តិធម៌ មន្ត្រី​អង្គការ​សង្គម​ស៊ីវិលក្រៅ​រដ្ឋាភិបាល ថ្មីៗនេះ​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋទាំង​ក្នុង និង​ក្រៅ​ប្រទេស​​ឲ្យស្លៀកពាក់​​ខ្មៅ និង​ការ​ប្រមូលផ្តុំជួប​ជុំ​ផ្សេងៗនៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ចាប់​ពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​តទៅ។ សេច​ក្តី​អំពាវនាវ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ជួប​ជុំ​គ្នា​មួយ ​រវាង​ឯកអគ្គ​រដ្ឋទូតសហ​រដ្ឋ​អាមេរិក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាលកាល​ពី​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​គេហដ្ឋានឯកអគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិករូប​នោះ។

ការ​ប្រកូក​ប្រកាស​ឲ្យ​មានការ​ប្រមូល​ផ្តុំ​ស្លៀក​ពាក់​ខ្មៅ​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោ​បាយនៅ​កម្ពុជា​វាយតម្លៃ​ថា​ អាច​ជារងើក​ភ្លើង​មួយ​បង្កាត់​ឲ្យ​មាន​បដិវត្តន៍​ពណ៌ខ្មៅ​ នៅ​កម្ពុជាដែល​មានការ​រៀប​ចំ​ចាត់​តាំង​ដឹក​នាំ​ច្បា​ស់​លាស់​របស់​ប្រទេស​មហា​អំណាច​ ក្នុងគោលដៅផ្ដួលរំលំ​លទ្ធិប្រជាធិបតេយ្យ និង​សុខ​សន្តិភាព ​ដែល​មាន​វត្តមាន​នៅកម្ពុជាជាង ៣ទសវត្សរ៍កន្លងមក ដែល​អាច​នឹងធ្វើឲ្យកម្ពុជា​ដើរឈាន​ទៅរក​រណ្ដៅ​ថ្មី​នៃ​សង្គ្រាមស៊ីវិល​។

សេចក្ដីអំពាវនាវដែលមានចារិកអក្សរពណ៌ស លើផ្ទាំងពណ៌ខ្មៅ ​បង្ហាញ​ដោយ​ក្រុម​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល ​ជា​កូន​ជឹង​ចិញ្ចឹមដោយ​ប្រទេស​មហាអំណាច​មួយ​នោះ មានចេតនា​ទាំង​ស្រុង គឺ​ការ​ធ្វើឲ្យ​មជ្ឈ​ដ្ឋាន​សង្គម​ខ្មែរ​ឈានទៅរក​ការបាក់បែក​គ្នា​កាន់តែស្រួច​ស្រាវ រហូត​ដល់​ការ​ប្រែប្រួល​របត់នយោ​បាយ​ដែលខ្មែរ​ធ្លាប់ឆ្លងកាត់​ដូច​អំឡុង​ទសវត្សរ៍ទី៧០ ដូច្នេះ​ដែរ។

គួរ​ដឹង​ថា ក្នុងមួយឆ្នាំៗ​ប្រទេស​មហា​អំណាច បាន​ចាយ​ថវិការរាប់រយ​លាន​ដុល្លារ ទៅអង្គការ​ក្រៅរដ្ឋាភិបាលដែលជាសេនាធិការ​របស់ខ្លួន ដើម្បី​បំផ្លាញ​ភាព​ស្រប​ច្បាប់​របស់រដ្ឋាភិបាល​ប្រទេសនីមួយ​ៗ​ ទៅតាមទិដ្ឋ​ភាព​នៃ​ភូមិសាស្ដ្រ​នយោ​បាយ​។ ដូច្នេះសេចក្ដី​អំពាវនាវដែលសង្គមស៊ីវិល​ខ្មែរចាយប្រាក់ដុល្លារ​អាមេរិក កំពុងតែ​បង្ហោះពេញ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយសង្គម​នាពេលនេះ គឺជាការស្ដែង​ឲ្យ​ឃើញ​នូវចេតនា​បង្កើត​ឲ្យមានបដិវត្តន៍ពណ៌ថ្មីមួយទៀត​ក្នុង​ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រទេស​ដែលកំពុង​មាន​ការអភិវឌ្ឍន៍​ស្ទើរ​គ្រប់វិស័យ​មួយ​នេះ ដើរ​ត្រឡប់​ថយក្រោយ និង​ឈាន​ទៅរក​សង្គ្រាម​ស៊ីវិល​ដូច​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​មជ្ឈឹម​បូព៌ា និង​ប្រទេស​ខ្លះ​ក្នុង​តំបន់​អឺរ៉ុប ដូច្នោះដែរ។

បដិវត្តន៍ពណ៌ គឺ​ជា​រូប​ភាពរដ្ឋ​ប្រហារ​ថ្មី ដើម្បី​ផ្លាស់​ប្តូរ​របប​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨៣។ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាលស្រប​ច្បាប់​ណា​មួយ​ដែល​គេ​យល់​ឃើញ​ថា មិន​ចំណុះ ឬ​មិន​ផ្តល់​ផល​ប្រយោជន៍​ចំពោះ​នយោបាយអាមេរិក យុទ្ធ​សាស្ត្រ​នេះ គេប្រើ​ប្រាស់កម្លាំង​សង្គម​ស៊ីវិលដែល​ទទួល​មូល​និធិរបស់​គេ​ដើម្បី​ធ្វើ​សកម្ម​ភាព​។

ការ​ធ្វើ​បដិវត្តន៍ពណ៌ គឺ​នាំ​មុខ​ដោយ​ចលនា​និស្សិត និង​យុវជន ជា​មួយ​នឹង​ការ​តុប​តែង​មុខមាត់​ប្លែក ថ្មី ដែល​ទាក់​ទាញ ​អូស​ទាញ​អ្នក​ដទៃ ឬក្រុម​ដទៃ​ឲ្យ​ចូល​រួម ដែល​ជា​និច្ចកាល​គេ​យក​ស្លាក​សញ្ញា​ និងពណ៌។ ឧទាហរណ៍ ​ប្រទេស​ប៉ែក​អឺរ៉ុប ដូចជា នៅប្រទេសសែប៊ី (Serbia) ការធ្វើ​បដិវត្តន៍ពណ៌ គឺ​ការ​ដើរ​ក្បួនរបស់​ក្រុម​បាតុករ​តាម​ផ្លូវ​ថ្នល់​ដោយ​ប្រើ​ប្រាស់​អត្តសញ្ញាណពណ៌ស-ខ្មៅ ទាំង​អាវ​យឺត ស្លាកសញ្ញា និង​ទង់​ជ័យ​របស់​គេ ​ដែល​ជា​និមិត្ត​រូប​នៃក្រុម​ប្រឆាំង​ ឬក្រុម​សេរីកា។ នៅ​ប្រទេសអ៊ុយគ្រែន​ (Ukraine) ស្លាកសញ្ញា ដែល​ក្រុម​បាតុករ​ប្រើ​ប្រាស់ គឺ​នៅ​ដដែល ក៏ប៉ុន្តែ​គេ​ផ្លាស់​ប្តូរ​ទៅ​ជា​ពណ៌​ទឹក​ក្រូច​វិញ។ នៅ​ប្រទេសហ្សកហ្ស៊ី (Georgia) គេ​ប្រើ​ពណ៌​ផ្កាកុលាប លាប​នៅលើ​ប្រអប់ដៃ ឬខ្នង​ដៃ​ ជា​អត្ត​សញ្ញាណ​នៃក្រុម​បះបោរ។ នៅ​ប្រទេសវេណេហ្សូអេឡា (Venezuela) គេ​ផ្លាស់​ប្តូរ​ជំនួស​ពី​ការ​ក្តាប់​ដៃ មក​លាដៃ​ ដែល​មាន​ពណ៌ ខ្មៅ-ស។

រីឯ​បដិវត្តន៍​ពណ៌នៅ​មជ្ឈឹម​បូព៌ាដែល​ហៅ​ថា អារ៉ាប់ស្ព្រីង (Arab Spring) ចាប់ផ្តើមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ នៅ​ប្រទេស​ទុយនេស៊ី (Tunisia Revolution) បាន​រីករាលដាល​ទៅ​ក្នុង​សម្ព័ន្ធ​អារ៉ាប់ ក្នុង​តំបន់​មជ្ឈឹមបូព៌ា និងអាហ្រ្វិក​ខាង​ជើង ដែល​ភាគ​ច្រើន​កើត​ឡើង​ដោយ​ក្រុមសិស្ស និស្សិត យុវជន ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម (Social Media) ធ្វើ​ជា​ឧបករណ៍​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើ​បដិវត្តន៍។ បដិវត្តន៍​ពណ៌នេះ ក៏ជះឥទ្ធិពល​មក​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ផងដែរ ដូចជា ចលនា​និស្សិត​ផ្កាឈូករ័ត្ន (Sunflower Student Movement) ពីថ្ងៃទី១៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ដោយ​ក្រុមនិស្សិត​ចូល​ទៅ​គ្រប់គ្រង​សភា​តៃវ៉ាន់ និង​ចលនា​ឆ័ត្រ ឬ​បដិវត្តន៍​ឆ័ត្រ (Umbrella Movement/Revolution) នៅហុងកុង​នៅ​ខែកញ្ញា ឆ្នាំ២០១៤ ប្រើប្រាស់​គោលការណ៍​ មិនសហការ​របស់​មហាជន​ស៊ីវិល ជាមួយរដ្ឋាភិ​បាល​ហុងកុង។

ប៉ុន្តែ​ជា​លទ្ធផល​ប្រទេស​ដែល​បាន​ធ្វើ​បដិវត្តន៍ពណ៌ ដូច​ជា ប្រទេស​លីប៊ី ទុយនេស៊ី ស៊ីរី អ៊ីរ៉ាក់ ជា​ដើម បាននិង​កំពុង​រង​ការ​ខ្ទេច​ខ្ទាំដោយ​សារ​សង្គ្រាមស៊ីវិល បំផ្លាញ​អស់​ទ្រព្យ​សម្បត្តិរដ្ឋ​ និង​ឯកជន ស្លាប់​មនុស្ស បង្ករ​ការ​ភ័យ​ខ្លាច និង​មាន​ការ​ធ្វើ​ចំណាកស្រុ ​ជាជនភៀសសឹក និងជនភៀសខ្លួនរាប់លាននាក់ ទៅកាន់​ប្រទេស​ក្បែរ​ខាងលិច ​គេច​ចេញ​ពី​សង្គ្រាម និងបន្តទៅសុំសិទ្ធិជ្រកកោនក្នុងប្រទេសទី៣។

នៅប្រទេស​កម្ពុជាក្រោយការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ បដិវត្តន៍​ពណ៌​ដែល​គេ​ឲ្យ​ឈ្មោះ​ថា បដិវត្តន៍ផ្កាឈូក ក៏ត្រូវ​បាន​អង្គការសង្គម​​ស៊ីវិល​មាន​និន្នាការ​ប្រឆាំង​យក​មក​អនុវត្ត​ន៍ ដោយ​មានការ​ចូល​រួម​យ៉ាង​សកម្ម​ពី​មន្ត្រី​បក្ស​ប្រឆាំង។ ទង្វើ​របស់​សកម្ម​ជនបដិវត្តន៍​ផ្កា​ឈូក គឺ​ពួគេធ្វើ​ការ​តវ៉ាបះបោរ​តាម​ដងផ្លូវនានាដោយកាន់​ផ្កា​ឈូកនៅ​ក្នុង​ដៃ ជា​សញ្ញាសម្គាល់​។ ការ​ធ្វើ​បដិវត្តន៍ផ្កា​ឈូករបស់​សង្គមស៊ីវិល​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​នយោបាយ​ប្រឆាំង​នា​ពេល​នោះ ត្រូវបរាជ័យដោយ​សារ​​រាជ​រដ្ឋាភិបាល​ចាត់​វិធានការណ៍តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ទប់​ស្កាត់។

រាជរដ្ឋាភិបាល​កម្ពុជា ដែល​កើត​ឡើង​ដោយ​ការបោះ​ឆ្នោត ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ​គប្បីគិត​ពិចារណា ហើយត្រូវតែ​ហ៊ានចាត់​វិធានការណ៍ ឲ្យ​បាន​ម៉ឹ​ងម៉ាត់បំផុតចំពោះបុគ្គល រឺក្រុមណាដែលប៉ុនប៉ងបង្កើត និងជំរុញឲ្យមានបដិវត្តន៍ពណ៌ខ្មៅនៅលើទឹកដីកម្ពុជា ដើម្បីការ​ពារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និងការ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​និងភាព​ភ័យខ្លាច ​នៃការ​វិល​ទៅរកគ្រោះ​មហន្តរាយ​កាល​ពី​អតីតកាល ជាពិសេសមិន​ត្រូវអោយអង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាលមួយ​ក្តាប់​តូច ​ដែល​ជា​ឧបករណ៍​របស់​ប្រទេស​ធ្លាប់​បង្កសង្គ្រាម​នៅ​កម្ពុជា​កាល​ពី​ទសវត្សរ៍ទី៧០ ធ្វើ​បដិវត្តន៍ពណ៌ខ្មៅ​នៅ​កម្ពុជា​បាន​នោះ​ឡើយ៕