(ព្យុងយ៉ាង)៖ មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកសមាជគណបក្ស ពលករកូរ៉េជាផ្លូវការ ដែលមិនធ្លាប់កើតមានក្នុងរយៈពេល ៣៦ឆ្នាំ ចំពោះមុខមន្ត្រីកំពូលៗគ្រប់ជាន់ថ្នាក់ដែលមានចំនួនរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។

នៅចំពោះមុខមន្ត្រីក្រោមឱវាទលោក គីម ជុងអ៊ុន បានថ្លែងដូច្នេះថា «លទ្ធផលច្រើនឥតគណនាត្រូវបានសម្រេចចេញ»។ ប្រទេសកូរ៉េខាងជើង បានអួតអំពីការធ្វើតេស្តនុយក្លេអ៊ែរ ដោយជោគជ័យ និងការបាញ់បង្ហោះផ្កាយរណប ដោយគ្រាប់រ៉ុក្កែត ទៅកាន់ទីអវកាស។

គួរបញ្ជាក់ថាអ្នកសារព័ត៌មានបរទេសប្រមាណ ១០០នាក់ត្រូវបានកូរ៉េខាងជើងអញ្ជើញឲ្យមក យកព័ត៌មានក្នុងព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រដ៏កម្របំផុតនេះ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាត ឲ្យចូលទៅក្នុងសាលប្រជុំធំក្នុងទីក្រុងព្យុងយ៉ាង ដែលជាកន្លែងសមាជប្រារព្ធ ឡើងនោះឡើយ។ សមាជនេះ នឹងអូសបន្លាយរយៈពេលបីថ្ងៃទៀត៕