(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងដៃគូសពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបការងារកំចាត់រោគរបេងទូទាំងប្រទេស លើកទី២៥ នៅសណ្ឋាគារភ្នំពេញ។

ពិធីបើកសន្និបាតនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពី លោកស្រី Nargiza Khodjeava ប្រធានបច្ចេកទេសផ្នែកជំងឺមិនឆ្លង និងសុខភាពមួយជីវិតនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, លោកស្រី ហាញ់ ង្វៀន នាយករង បេសកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិចដើម្បីអភិវឌ្ឍន៍ប្រចាំកម្ពុជា រួមទាំងតំណាងក្រសួងស្ថាប័នមួយចំនួនផងដែរ។

បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានបង្ហាញថា ក្នុងឆ្នាំ ២០២១ ការងារកំចាត់រោគរបេងទទួលបាននូវសមិទ្ធផលថ្មីៗគួរឲ្យកត់សំគាល់ថែមទៀត។ របាយការណ៍បានបញ្ជាក់ថា នៅកម្ពុជា អត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេង បានធ្លាក់ចុះយ៉ាងខ្លាំង គឺអត្រាអាំងស៊ីដង់ បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧៤ ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹងការធ្លាក់ចុះ ៥៣%។

របាយការណ៍បានបញ្ជាក់ថា៖ អត្រាស្លាប់បានចុះ ថយពីចំនួន ៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម២០ ករណីក្នុងចំណោម ប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹងការធ្លាក់ចុះ ៥២%។ សមិទ្ធផលនេះទាំងត្រូវបានវាយតំលៃខ្ពស់ដោយអង្គការសុខភាពពិភពលោក និងភាគីដៃគូសំខាន់ៗដទៃទៀត។

លោកសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងក្លាចំពោះសមិទ្ធផលដ៏គួរជាទីមោទនៈនេះ ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ សម្តេចតេជោ បានផ្តល់អទិភាពខ្ពស់ដល់វិស័យសុខាភិបាល ពិសេសការប្រយុទ្ធនឹងជំងឺឆ្លង រាប់ទាំងជំងឺរបេង អេដស៍ និងគ្រុនចាញ់ ដែលក្នុងនោះ រួមមានដូចជា៖

* ការបង្កើនប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភបន្ថែមផ្សេងៗជូនមន្ត្រីរាជការ និងបុគ្គលិក។
* ការគាំទ្រដល់ការពង្រីកគម្រោងមូលនិធិសមធម៌ និងបេឡាជាតិរបបសន្តិសុខសង្គម ពិសេសសម្រាប់ការថែទាំសុខភាព និងឧបត្ថម្ភជូនជនក្រីក្រ មន្ត្រីរាជការ កម្មករ ព្រមទាំងស្រ្តីមានផ្ទៃពោះ និងសម្រាលកូន។ល។
* ការផ្តល់បន្ថែមក្របខ័ណ្ឌមន្ត្រី បុគ្គលិក បំរើសុខភាព ជូនដល់ក្រសួងសុខាភិបាល។
* ព្រមទាំងការជំរុញ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក៏ដូចជាសម្ភារបរិក្ខារពេទ្យ និងការផ្តល់ឱសថជាដើម។

លោកសាស្ត្រាចារ្យ ស៊ា ហួង បានបន្តថា ជាងនេះទៅទៀត សម្រាប់ការងារកម្ចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២២-២០២៣ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើនដើម្បីបំពេញ ស្របតាមយុទ្ធសាស្ត្របពា្ចប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។

ដើម្បីសម្រេចបានទិសដៅឆ្នាំថ្មី ២០២២ ក៏ដូចជាឆ្នាំបន្ត លោកសូមយកឱកាសនេះមានចំណាប់អារម្មណ៍មួយចំនួនដូចតទៅ៖

១៖ ត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេងគ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។

២៖ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺឲ្យឆាប់មកទទួល សេវារបេង ប្រកបដោយគុណភាព។

៣៖ ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេស ការអង្កេតស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមកុមាររស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមាន ហានិភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុក មេរោគអេដស៏ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម។

៤៖ បន្តពង្រឹងការសហការការងាររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រា ឈឺ និងស្លាប់ដោយសារបញ្ហានេះ។

៥៖ ត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ។

តាងនាមឲ្យក្រសួងសុខាភិបាល លោកបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត និងកត្តញ្ញូតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល សម្ដេចជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល ពិសេសការងារកម្ចាត់រោគរបេង។ លោកបានថ្លែងអំណរគុណចំពោះដៃគូពាក់ព័ន្ធនានា ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការងារប្រយុទ្ធនឹងជំងឺរបេង នៅគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យការងារកម្មវិធីជាតិកំចាត់រោគរបេង នៅគ្រប់ថ្នាក់កន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោក ស៊ា ហួង ក៏សូមកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ដ្រីដឹកនាំ និងគ្រប់គ្រងសុខាភិបាលរាជធានី-ខេត្ត ស្រុក ដែលបានគាំទ្រការងារកំចាត់រោគរបេងធ្វើឲ្យការងារនេះមានការរីកចម្រើនឥតឈប់ឈរជាដើម៕