(ភ្នំពេញ)៖ តំណាងប្រជាពលរដ្ឋចំនួន២៦គ្រួសារ​ រស់នៅបុរីកីឡា ដែលអះអាងថាគឺជាអ្នកចុងក្រោយគេ ក្នុងចំណោមគ្រួសាររាប់រយ ដែលមានជំលោះក្នុងគំរោងអភិវឌ្ឍដីបុរីកីឡា ហើយរហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានផ្ទះសំបែងឬថវិកាជាថ្នូរបញ្ចប់ទំនាស់ដ៏រាំរ៉ៃនេះ បាននាំគ្នាកាន់ឯកសារមួយកំភ្លូសធំធ្វើដំណើរ មកដល់ទីស្នាក់ការព័ត៌មាន Fresh News សូមអោយជួយចុះផ្សាយជំរាបជូន ទៅប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន ជួយជំរុញទៅអាជ្ញាធររាជធានី អោយពន្លឿនធ្វើការដោះស្រាយជូនពួកគាត់ អោយបានចប់ឆាប់រហ័ស ដើម្បីពួកគាត់មានពេលវេលាធ្វើការរកទទួលទាន កសាងជីវិតជាថ្មី បន្ទាប់ពីពួកគេជាប់ផុង នៅក្នុងជំលោះរឿងទាមទារផ្ទះសម្បែងនេះ អស់រយៈពេលរាប់ឆ្នាំមកហើយនោះ។

តំណាងប្រជាពលរដ្ឋដែលនាំគ្នាមកដល់ទីស្នាក់ការ Fresh News រួមមានលោក ភួង វីរៈ អ្នកស្រីសុខ ស្រីអូន និងសោម រដ្ឋា បានអះអាងថាពួកគាត់ ដែលនៅសល់២៦គ្រួសារនេះ គឺស្ថិតនៅក្នុងចំណោមគ្រួសារចំនួន១៨០ចុងក្រោយគេ ដែលបានទៅចូលរួមធ្វើសម្ភាសន៏ នៅចេនឡាកន្លងមកដែលពួកគាត់ រស់នៅក្នុងភូមិ១២ សង្កាត់វាាលវង់ ខណ្ឌ៧មករា។ ចំណែកប្រជាជន១៥៤គ្រួសារទៀត ដែលបានទៅសម្ភាសន៏នៅចេនឡាដូចគ្នានោះ បច្ចុប្បន្នពួកគេទទួលបានផ្ទះឬថវិការួចរាល់អស់ទៅហើយ។

តំណាងប្រជាពលរដ្ឋខាងលើបានលើកឡើង ថាពួកគាត់ដែលនៅសល់ចុងក្រោយគេ ២៦គ្រួសារនេះ គឺជាគ្រួសារមានផ្ទះ មានលិខិតស្នាមរស់នៅត្រឹមត្រូវ ហើយកន្លងមកដោយយោងថាខ្លួនមានបញ្ជី និងលិខិតស្នាមត្រឹមត្រូវ ហើយក៏មិនបានចេញមុខធ្វើបាតុកម្មឬតវ៉ាអ្វីនោះឡើយ ដោយជឿទៅតាមមន្ត្រីអាជ្ញាធរ ថានៅអោយស្ងៀមគេនឹងចែកផ្ទះអោយហើយ ពួកគាត់ក៏ជឿតាម តែទីបំផុតរហូតមកដល់ពេលនេះ អ្នកប្រឆាំងអ្នកធ្វើបាតុកម្មតវ៉ាគេ បានផ្ទះបានលុយចាកចេញអស់នៅសល់តែពួកគាត់បន្តរស់នៅរង់ចាំ​ ការដោះស្រាយពីអាជ្ញាធរទាំងវេទនា។ ដូច្នេះហើយទើបពួកគាត់ធ្វើការអំពាវនាវសូមអោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល មេត្តាជួយជំរុញអោយអាជ្ញាធររាជធានីភ្នំពេញ ពន្លឿនធ្វើការដោះស្រាយជូនពួកគាត់ អោយបានឆាប់រហ័សផង បើរំពឹងលើអាជ្ញាធរខណ្ឌ និងក្រុងម្ដងថាថ្ងៃនេះ ម្ដងថាថ្ងៃនោះ ហើយអ្នកខ្លះអត់ផ្ទះអត់ឯកសារគ្រប់គ្រាន់ បែរជាអាជ្ញាធរដោះស្រាយអោយបានផ្ទះ និងលុយនៅភូមិអូរអណ្ដូង ខ្លះយកលុយពី៣ពាន់ទៅ៥ពាន់ដុល្លារ ដើរចេញអស់។ ចំណែកពួកគាត់មានឯកសារគ្រប់គ្រាន់បែរ ជាអត់ទាន់បានទៅវិញ ខណៈដែលក្រុមហ៊ុនជាអ្នកចេញ លុយដោះស្រាយគេរំលោភលើកិច្ចសន្យា មិនសាងសង់អាគារ២ខ្នងទៀត អោយទេគឺថែមទាំងយកដីទីតាំង ដែលត្រូវសាងសង់ទៅលក់បានលុយជិត២០លានដុល្លារ ហើយប្រកាសក្ស័យទុនទៀត។

បញ្ហាដីបុរីកីឡាដែលរដ្ឋ បានធ្វើការដោះដូរប្រគល់ទៅអោយក្រុមហ៊ុនផានអុីមិច វិនិយោគគឺជារឿងរសើបមួយ ក្នុងចំណោមរឿងរសើបជាច្រើនកន្លែងទៀត ដែលធ្វើអោយមានការរិះគន់យ៉ាងខ្លាំង ទៅលើរាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរក្រោមការចោទប្រកាន់ថាដេញអ្នកក្រចេញយកដី ប្រគល់អោយឈ្មួញអ្នកមានលុយមានអំណាច។ ឥឡូវរឿងអាស្រូវខាងលើត្រូវបានលប់លាងចេញបណ្ដើរៗ ហើយតាមរយៈដំណោះស្រាយជូនប្រជាពលរដ្ឋទាំងអស់នោះ អោយបានសមស្របដែលមានចំនួនរាប់ពាន់គ្រួសារ។ ចុះឥឡូវនៅសល់មិនដល់៣០គ្រួសារផង ហេតុអ្វីក៏អាជ្ញាធរមិនព្រមដោះបញ្ចប់តែម្ដងទៅ.!៕