(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ មានខេត្ត-រាជធានី ចំនួន២៣ ក្នុងចំនោម២៥ ខេត្ត-រាជធានី នៅទូទាំងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ ខណៈ២ខេត្តទៀត គ្មានភ្លៀងធ្លាក់។ ខេត្ត២នោះ គឺខេត្ត រតនគិរី និងឧត្តរមានជ័យ។

ខេត្ត-រាជធានី ដែលមានភ្លៀងធ្លាក់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ស្ពឺ តាកែវ កំពត កែប កោះកុង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង រាជធានីភ្នំពេញ កណ្តាល កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ កំពង់ចាម និងត្បួងឃ្មុំ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្នុងរយៈពេល៩ថ្ងៃនេះ កម្ពុជា មានសីតុណ្ហភាព ចាប់ពី៣៤ដល់៤០អង្សាសេ និងតាមខេត្តរាជធានី មានភ្លៀងធ្លាក់ផងដែរ។ ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវ​ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី៤ ដល់១១ ខែឧសភា ឆ្នាំ២០១៦៕