(វៀតណាម)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម នៅមុននេះបន្តិចបានឲ្យដឹងថា មានករណីភ្លើងឆេះ នាវាកម្សាន្តមួយ នៅកំពង់ផែ Tuan Chau ក្នុងទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងនៃប្រទេស​វៀតណាម ប៉ុន្តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សស្លាប់។

ប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា នៅលើនាវាកម្សាន្តនោះ មានអ្នកដំណើរ ៣៧នាក់ ក្នុងនោះមានម្នាក់ជាជនជាតិវៀតណាម។ ក្រោយពេលកើតមានករណីភ្លើងឆេះភ្លាម ក្រុមសហនាវិកនៅលើនាវា បាន​ជម្លៀស​អ្នកដំណើរចេញដោយសុវត្ថិភាព ប៉ុន្តែមានជនបរទេសម្នាក់បានរងរបួសជើង ដោយសារតែលោតចូលក្នុង​ទឹក ខណៈពេលភ្លើងកំពុងឆេះនាវា។

មិនមានព័ត៌មានច្បាស់ការណ៍ណាមួយ ពាក់ព័ន្ធនឹងមូលហេតុដែលបណ្ដាលឲ្យភ្លើងឆេះនាវាកម្សាន្តនោះទេ គ្រាន់តែ​ដឹង​ថា ក្រោយពេលកើតហេតុភ្លាម មានក្រុមពន្លត់អគ្គិភ័យ ប៉ូលិស និងក្រុមជួយសង្គ្រោះ បានមកដល់កំពង់ផែខាងលើ ​និង​បាននាំអ្នកដំណើរទៅកាន់ទីមានសុវត្ថិភាព ចំណែកនាវា​ត្រូវបានឆេះខ្ទេច និងលេចចូលក្នុងទឹកសមុទ្របាត់តែម្ដង៕