(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងអំពីការដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ ហើយកំពុងបន្តដឹកនាំប្រទេសឆ្ពោះទៅវឌ្ឍនភាពសម្បូររុងរឿង។

បានថ្លែងថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។

លោក ខ្វៃ អាទិត្យា បានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានលះបងកម្លាំងកាយ កម្លាំងចិត្ត យកអាយុជីវិតធ្វើជាដើមទុន តស៊ូរំដោះប្រទេសជាតិ កសាងការពារ បង្រួបបង្រួមជាតិ និងនាំយកសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

ទន្ទឹមនឹងនេះ ដោយសារការមើលឃើញជាក់ស្តែងអំពីការដឹកនាំដ៏ល្អរបសគណបក្សប្រជាជនកម្ពុជា លោកក៏បានលើកទឹកចិត្តដល់បេក្ខជនក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំគណបក្សនៅក្នុងមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់កុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ។

ប្រធានប្រតិភូ បានថ្លែងអំណរគុណថ្នាក់ដឹកនាំបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃឃុំព្រះធាតុ បានខិតខំនិងបម្រើដោយស្ម័គ្រចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវខិតខំបន្ថែម ដើម្បីគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក ខ្វៃ អាទិត្យា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ លោក ជៀប ប៊ុនអៀង អនុប្រធានក្រុមការងារឃុំព្រះធាតុ លោក សា សេរី អនុប្រធានលេខាធិការដ្ឋានឃុំព្រះធាតុ និងលោក ហេង សុវណ្ណា ជាប្រធានក្រុមការងារទទួលបន្ទុកភូមិទួលឃ្លាំង បានជួបសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ ប្រធានក្រុមបក្ស និងថ្នាក់ដឹកនាំបក្សនៅមូលដ្ឋានភូមិទួលឃ្លាំង នៃឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។

បន្ទាប់ពីពិធីសំណេះសំណាលនេះ ក្រុមការងារបានចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនោះបានចែកជូនស្បៀងជូនប្រជាពលរដ្ឋជាស្រ្តីមេម៉ាយជួបការលំបាកចំនួន១គ្រួសារ រួមមានត្រីខ ១យួរ មី១កេសតូច ទឹកសុទ្ធ១កេស ថវិកាមួយចំនួន និងបានចូលរួមរំលែកទុក្ខគ្រួសារសពសមាជិកគណបក្សនៅក្នុងមូលដ្ឋាន ថវិកាចំនួន២០០,០០០រៀលផងដែរ៕