(កណ្ដាល)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅទី២៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ជាជនពិការ ប្រភេទ «ក១ និងក២» ចំនួន ១២៧នាក់ ក្នុងខេត្តកណ្ដាល។

ពិធីជួបសំណេះសំណាល នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួម ដោយរដ្ឋលេខាធិការក្រសួងការពារជាតិ, អភិបាលរងខេត្ត, លោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការតំបន់សឹករងខេត្ត, លោកមេបញ្ជាកងរាជអាវុធហត្ថខេត្ត, លោកអភិបាលក្រុង ស្រុក និង លោកអធិការនគរបាលក្រុងស្រុក, លោកមេប៉ុស្ដិ៍រដ្ឋបាល ឃុំសង្កាត់ ព្រមទាំងបងប្អូន អតីតយុទ្ធជនចូលរួមផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ របស់ប្រធានសមាគមអតីតយុទ្ធជនខេត្តរួចមក ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តតាកែវទាំងអស់ ត្រូវតែបន្តធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាករបស់សមាគមអតីតយុទ្ធជន។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ដែលតែងតែលើកឡើងអំពីការគិតគូរយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះ ប្រទេសជាតិ ប្រជាជនឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើន រហូតដល់សព្វថ្ងៃ។

លោកបន្តថា អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល គឺជាគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាង អង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។

លោកបន្ដទៀត ពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ព្រមទាំងបានណែនាំ ឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឲ្យទាន់ពេលវេលា។

ដោយឡែក ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត ធ្វើការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ដែលរដ្ឋប្រគល់ឲ្យដើម្បីបែងចែកជាឡូត៍ នឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងផ្ទះជូនបងប្អូនសមាជិកដែលអត់ដីអត់ផ្ទះ។

ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានគូសបញ្ជាក់ជូនអង្គប្រជុំថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសយើង មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណ សម្តេចតេជោ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ជាមួយគ្នានេះដែរ អតីតយុទ្ធជន ជាពិការ «ក១ និង ក២» ចំនួន ១២៧នាក់ ទទួលបានថវិកា និងអំណោយមួយចំនួន, រីឯប្រធានប៉ុស្ដិ៍រដ្ឋបាល និងមន្ត្រីចូលរួមទាំងអស់ ក៏ទទួលបានថវិការផងដែរ៕