(ព្រៃវែង)៖ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងករណីបាញ់ប្រហារប្រពន្ធចុង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។

សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានឲ្យភ្នាក់ងារ Fresh News ដឹងថា មានករណីបាញ់ប្រហារបណ្ដាលឲ្យស្ត្រីម្នាក់ បានស្លាប់ក្នុងថ្លុកឈាម កាលវេលាម៉ោង២០៖៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវលំ មុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ម៉ៅ សុវណ្ណហុង ភេទប្រុស អាយុ៥៣ឆ្នាំ ជានាយប៉ុស្តិ៍ នគរបាលរដ្ឋបាលព្នៅទី១ រស់នៅភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ចំណែកឯជនរងគ្រោះ ឈ្មោះ សុខ មួយ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ត្រូវជាប្រពន្ធ ចុងជនសង្ស័យ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ ជនសង្ស័យបានយកអាវុធខ្លី ១ដើម ម៉ាក k ៥៤ ពីកាតាប បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ តែផ្ទុះ២គ្រាប់ ត្រូវចំក្បាល១គ្រាប់ និង ក១ គ្រាប់ បណ្តាលឲ្យដួលស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។

មូលហេតុ ដែលឈានទៅដល់ការបាញ់ប្រហារគ្នានេះ គឺមានទំនាស់ពាក្យសំដីតាមផ្លូវ ក្រោយពីចេញកម្មវិធីខួបកំណើត កូនអ្នកភូមិជាមួយគ្នា។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍បាញ់ប្រហារនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលទទួល ផែនព្រហ្មទណ្ឌ ចុះដឹកនាំកម្លាំងទាំងយប់ ឈានទៅដល់ការឃាត់ខ្លួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលញ្នៅទី១ បានភ្លាមៗ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

បើតាមសមត្ថកិច្ចនគរបាលស្រុកស៊ីធរកណ្ដាល បានអះអាងថា ទោះបីមានឋានៈតួនាទី ជានាយប៉ុស្តិ៍ក៏ដោយ ឲ្យតែធ្វើខុសនឹងច្បាប់ត្រូវមានទោសទណ្ឌ ដូចប្រជាពលរដ្ឋធម្មតាដែរ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន៕