(កំពង់ឆ្នាំង)៖ រយៈពេល៣ថ្ងៃកន្លងមកនេះ កម្លាំងចម្រុះរួមមាន មន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ អាជ្ញាធរ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ក្នុងស្រុកចំនួន៤ ក្នុងខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅជាប់នឹងបឹងទន្លេសាប មានស្រុកកំពង់ត្រឡាច ស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌។

កិច្ចប្រតិបត្តិការរបស់ក្រុមចម្រុះ រយៈពេល៣ថ្ងៃកន្លងទៅនេះ ក្រុមចម្រុះបានដកហូតនូវឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន មានទាំងសាច់អួនក្រឡាតូចធំ រាប់ពាន់ម៉ែត្រ និងឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗទៀត ជាច្រើនផងដែរ។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ថា ជនជាតិវៀតណាមម្នាក់ ជាឈ្មួញទិញត្រីបានមកពីការនេសាទខុសច្បាប់ (ឆក់ត្រជាក់) ត្រូវបានឃាត់ខ្លួនតាមការបញ្ជា ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ជនសង្ស័យខាងលើនេះ កម្លាំងចម្រុះឃាត់ខ្លួននៅចំណុចកោះមនោ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដោយដកហូតវត្ថុតាង ត្រីឆ្លាំងចំនួន៣០គីឡូក្រាម ទ្រុងដាក់ត្រី១ និងកន្ត្រងដួសត្រីចំនួន១ ជនសង្ស័យ មន្ត្រីជំនាញជលផល និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តច្បាប់៕