(កណ្ដាល)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង បានចូលរួមអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ផ្លូវលេខ១២១០ ប្រវែង៥,៩០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់០,២ម៉ែត្រ ស្ថិតក្នុងឃុំព្រែកគយ និងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ពិធីនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានវត្តមានចូលរួមផងដែរពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក អ៊ាវ ចំរើន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្អាងភ្នំ, លោក មឹង យូឡេង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន, លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត។

ស្ថិតក្នុងឱកាសនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងដោយទទួលបានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឲ្យមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាលមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់យ៉ាងឆាប់រហ័ស។

លោកថា ជាក់ស្តែង ផ្លូវលេខ១២១០ ដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺជាចំណងដៃថ្មីមួយបន្ថែមទៀត ជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនរស់នៅក្នុងស្រុកស្អាង ដែលផ្លូវនេះនឹងជួយសម្រួលការធ្វើដំណើរ កាត់បន្ថយចំណាយ លើការដឹកជញ្ជូនទំនិញ កសិផល របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ។ ម៉្យាងផ្លូវនេះ ក៏ជាផ្លូវសម្រាប់តភ្ជាប់ ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ២១ ដែលផ្លូវនេះនឹងជួយសម្រួលការធ្វើចរាចរ និងបញ្ចៀសចរាចរបានមួយផ្នែកធំ នៅពេលដែលគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ បើកឲ្យដំណើរការ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏បានថ្លែងពីគុណតម្លៃដ៏ធំធេងនៃសុខសន្តិភាព ដែលរកបានដោយលំបាកដោយមគ្គុទេសឯក រដ្ឋបុរសដ៏អស្ចារ្យ គឺសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំតស៊ូលះបង់ជីវិត ឈាមស្រស់ សាច់ស្រស់ រំដោះកម្ពុជាពីភ្លើងសង្គ្រាម ធ្វើឲ្យកម្ពុជាមានឯកភាពជាតិតែមួយ ហើយបានធ្វើឲ្យមានសន្តិភាព មានការអភិវឌ្ឍ ការរីកចម្រើន មានសេដ្ឋកិច្ចលូតលាស់ ប្រជាពលរដ្ឋមានជីវភាព កាន់តែធូធាឡើងៗ និងមានការអភិវឌ្ឍបន្តទៅមុខជាដរាបស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានថ្លែងពីសមិទ្ធផលដ៏អស្ចារ្យបំផុតមួយគឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងតែសាងសង់ជិតបានសម្រេចរួចរាល់ហើយនោះ គឺជាសមិត្តកម្មដ៏ល្អឯកមួយដែលល្បីល្បាញខ្ទរខ្ទារលើពិភពលោក ព្រោះជាព្រលានយន្តហោះខ្នាត 4F លំដាប់ពិភពលោក ដែលមានសមត្ថភាពក្នុងការទទួលភ្ញៀវទេសចរណ៍ ក៏ដូចជាសមត្ថភាពហោះហើរបានរាប់លាន ដែលនេះគឺកើតឡើងបានអាស្រ័យដោយសុខសន្តិភាព អាស្រ័យបានដោយមេដឹកនាំដ៏អស្ចារ្យរបស់ពួកយើង គឺសម្ដេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងដឹកនាំប្រទេសជាតិ ឲ្យរីកចំរើនទៅមុខទៀត ធ្វើយ៉ាងណានាំកម្ពុជាស្គាល់តែការរីកចម្រើន ចៀសផុតពីភ្លើងសង្រ្គាម។

ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានថ្លែងកោតសរសើរ ដល់រដ្ឋបាលខេត្តកណ្ដាលដែលមានស្នាដៃល្អ នៅក្នុងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត បន្តសកម្មភាពអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ឲ្យរឹតតែល្អប្រសើរឡើង និងឲ្យកាន់តែច្រើនជាងមុន ពិសេសដោះស្រាយបញ្ហារាល់ទុក្ខលំបាកប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងប្រកបដោយយុត្តិធម៌។

លោកបន្ដថា ពិសេសធ្វើយ៉ាងណា ផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជាឲ្យជ្រាបដល់គ្រប់ទីកន្លែង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋស្រលាញ់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាសុខសន្តិភាព ធ្វើឲ្យប្រទេសជាតិមានភាពរីកចំរើន មានការអភិវឌ្ឍទៅមុខជាលំដាប់និងជាដរាប៕