(ព្រះវិហារ)៖ សាលបឋមសិក្សាសែនជ័យ ដែលស្ថិតក្នុងក្នុងភូមិសែនជ័យ ភូមិរណបជាមួយភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ស្ថិតនៅតំបន់ដាច់ស្រយ៉ាល មានចំងាយផ្លូវ២៥គីឡូម៉ែត្រ ពីឃុំស្រយ៉ង ទទួលបានការយកចិត្ត ទុកដាក់ពីក្រុមការងារគ្រូកម្រងស្រយ៉ង់ លើការសម្អាតបរិស្ថានក្នុងទីធ្លាសាលាក៏ដូចជាការកសាង នូវហេដ្ឋានរចនាសម្ព័ន្ធនានា នៅក្នុងសាលាផងដែរ។

ក្នុងកិច្ចប្រជុំការងារបច្ចេកទេសគ្រូកម្រងស្រយ៉ង់ ដែលបានធ្វើឡើង នៅសាលាបឋមសិក្សាសែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ លោក ម៉ក់ ឌុង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគូលែន បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំសាលាបឋមសិក្សាសែនជ័យ និងលោកគ្រូអ្នកគ្រូទាំងអស់ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ បានយកអស់កម្លាំងកាយចិត្តបង្រៀនកូនចៅប្រជាពលរដ្ឋនៅទីនេះ ដោយយកចិត្តទុកដាក់។

លោកក៏បានថ្លែងនូវការអរគុណ ដល់អាជ្ញាធរដែនដី ភូមិ ឃុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទីនេះ ដែលបានរួមគ្នា បង្កើតសាលានេះឡើង ក្នុងគោលបំណងឲ្យកូនចៅមានចំណេះដឹង ដើម្បីអនាគតរបស់ពួកគេ។

នៅក្នុងឱកាសនេះដែរ លោក ម៉ក់ ឌុង បានដឹកនាំក្រុមការងារគ្រូកម្រងស្រយ៉ង់ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាសែនជ័យ បានជួយលើកទង់ជាតិថ្មី និងសម្អាតនៅក្នុងបរិវេនសាលា ក្នុងទិសដៅលើកម្ពស់សោភ័ណ្ឌភាពបរិស្ថានរបស់សាលាឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកប្រធានការរិយាល័យអប់រំស្រុកគូលែន បានថ្លែងអំពាវនាវដល់អាណាព្យាបាលសិស្ស ត្រូវធ្វើការជំរុញកូនចៅមករៀនសូត្រ ឲ្យបានគ្រប់ៗគ្នា ពិសេសត្រូវបន្តចូលរួមអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីការពារពីជំងឺកូវីដ-១៩។

បើតាមរបាយការណ៍របស់ថ្នាក់ដឹកនាំសាលា ក៏ដូចជាមាតាបិតាសិស្ស ក៏បានស្នើសុំថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយសាងសង់បន្ទប់ទឹក អណ្តូងទឹក កន្លែងលាងសម្អាតដៃ នៅក្នុងបរិវេណសាលា និងជួយកសាងហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីជាមធ្យោបាយសម្រាប់ផ្តល់ការងាយស្រួលធ្វើដំណើរមកសាលារៀន របស់សិស្សានុសិស្សផងដែរ៕