(កំពង់ចាម)៖ «ក្រៅពីការកសាងហេដ្ឋារចនាសម្ព័ន្ធ យើងបានគិតគូរចំពោះសុខភាពពលរដ្ឋ តាមរយៈការចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដល់មូលដ្ឋានដោយឥតគិថ្លៃ»។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ លើកទី២ នៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម សរុបចំនួន២៨នាក់ ដោយមានការគាំទ្រពីលោក ហ៊ុន ម៉ានិត ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ដើម្បីជាការចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូន នៅពេលដែលមានជំងឺឈឺថ្កាត់ ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាទៅមន្ទីរពេទ្យរដ្ឋ និងគ្លីនីកឯកជន ពោលគឺការពិនិត្យព្យាបាល ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបន្តថា សកម្មភាពទាំងនេះ អាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិយើងមាន ស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ តាមរយៈការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ ឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ ជាពិសេសការលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងឲ្យកាន់តែសម្បូរ សប្បាយបន្តទៅទៀត។

លោកអភិបាលខេត្ត បានលើកឡើងថា ក្នុងដំណាក់កាលចុងក្រោយនេះ មានការផ្ទុះឡើងនូវរលកថ្មី នៃវីរុសប្រភេទអូមេក្រុង ដែលឆ្លងខ្លាំង ប៉ុន្តែពុំមានអ្នកស្លាប់បាត់បង់ជីវិតទេ ព្រោះប្រជាពលរដ្ឋយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជំរុញ គ្រប់ចំនួនទេនោះ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា៕