(កំពង់ចាម)៖ «បញ្ហាសុខភាព គឺជាកត្តាចម្បង របស់មនុស្សម្នាក់ៗ បើទោះបីមានលុយ បុណ្យសក្ដិ និងមានឋានៈប៉ុណ្ណាក៏ដោយ បើសុខភាពមិនល្អ ក៏យើងរស់នៅ មិនសប្បាយចិត្តដែរ»។

លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លើកឡើងដូច្នេះ នៅក្នុងឱកាស ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន ណេង បានបញ្ជាក់ទៀតថា ដោយសារបញ្ហាសុខភាព ជាបញ្ហាចម្បង សម្រាប់យើងគ្រប់ៗគ្នា ទើបលោក បានរៀបចំឲ្យមានក្រុមគ្រូពេទ្យ១ក្រុម ដើម្បីចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនយើង ដោយផ្ទាល់ចំនួនតែ១២ឃុំ នៅក្នុងស្រុកស្ទឹងត្រង់ បើទោះបីជាបច្ចុប្បន្ននេះ យើងមានមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់រដ្ឋសម្រាប់ជាកន្លែង ព្យាបាលហើយក៏ដោយ ។

លោក ហ៊ុន ណេង បានបញ្ជាក់ថា នៅក្នុងមូលដ្ឋាន ក្រៅអំពីការកសាងសមិទ្ធផលនានា ដូចជា ផ្លូវ សាលារៀន និងមន្ទីរពេទ្យ ជាដើម ទុកសម្រាប់បងប្អូនប្រើប្រាស់ ប៉ុន្តែយើងនៅមានបញ្ហាសុខភាពមួយទៀត ដែលត្រូវការគិតគូ និងយកចិត្តទុកដាក់ផងដែរ ពីព្រោះថា កត្តាចម្បង មុននឹងមានសិទ្ធិមនុស្ស គឺត្រូវមានសិទ្ធិរស់រានមានជីវិត និងសិទ្ធិមានសុខភាពល្អខាងដើម។

លោកបន្តថា ដោយការគិតគូ អំពីសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ទើបប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ស្ទើរតែគ្រប់មនុស្ស ជំរុញធ្វើឲ្យការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតនៅក្នុងកម្រិតទាប បើធៀបទៅនឹងបណ្ដាប្រទេសជិតខាង និងនៅលើសកលលោកនាបច្ចុប្បន្ន។

បើតាមលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ ខេត្តកំពង់ចាម និងជាប្រធានក្រុមគ្រួពេទ្យស្ម័គ្រចិត្ត បានឲ្យដឹងថា រយៈពេលជិត ២ឆ្នាំកន្លងមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានផ្អាកសកម្មភាព ដោយសារការរីករាលដាល នៃជម្ងឺវីដ១៩។ ប៉ុន្តែទោះយ៉ាងណា ថ្ងៃនេះ គឺជាវគ្គបន្ត នៃវគ្គទី៣ ដែលក្រុមគ្រូពេទ្យ ចាប់ផ្ដើមសកម្មភាព របស់ខ្លួនឡើងវិញ ដើម្បី ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ជាបន្តទៀត ដោយផ្ដោតទៅលើជំងឺទូទៅជារួមមាន៖ ជំងឺក្រពះ ពោះវៀន រលាកបំពង់ករ ជំងឺលើសសម្ពាធឈាម និងជំងឺផ្ដាសាយ ជាដើម។

ដោយឡែក ក្នុងបេសកកម្មខាងលើនេះដែរ ក្រុមគ្រូពេទ្យជំនាញយើង បានទទួលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួន ២៣៧នាក់ ក្នុងនោះស្ត្រី១៥៣នាក់ផងដែរ៕