(ស្វាយរៀង)៖ មានអគ្គិភ័យឆេះផ្ទះ លក់ចាប់ហ៊ួយមួយខ្នង បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស ដោយសារឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង៨៖៣០នាទី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍។

សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡុង សារី ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងបានរបួសកំភួនជើង។

ចំណែកសម្ភារដែលឆេះរងការខូចខាត រួមមាន៖ តូបធ្វើអំពីឈើប្រក់សង្គ័សី ទំហំ៤ម៉ែត្រ គុណនិង១០ម៉ែត្រ ខូចខាតទាំងស្រុង។ ស្រាបៀរ និងទឹកផ្លែឈើសរុបចំនួន៣០កេះ ទឹកសុទ្ធ៥០យួរ និង៥កាដុង លុយខ្មែរ១០០០០០រៀល ប្លង់ដី១០សន្លឹក អត្តសញ្ញាណប័ណ្ណ និងឯកសាររួម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីមានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ចំនួន៥នាក់ រថយន្ត១គ្រឿង សហការជាមួយកម្លាំងអធិកាននគរបាលស្រុក និងកម្លាំងប្រជាការពារជួយបាញ់ពន្លត់ ប៉ុន្តែដោយសារភ្លើងឆេះខ្លាំងពេក ទើបម៉ោងប្រមាណ៩ព្រឹក អាចគ្រប់គ្រងស្ថានការណ៍៕