(ព្រៃវែង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ជាជនពិការ ប្រភេទ (ក១) និង (ក២) ចំនួន២៤៧នាក់ ក្នុងខេត្តព្រៃវែង។

ពិធីនេះ ដោយមានការអញ្ជើញចូលរួម លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្ត មេប៉ុស៍ មេឃុំ ជាច្រើនរូប។

លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង បានលើកឡើងថា អតីតយុទ្ធជន ជាជនពិការ ទាំងអស់នៃខេត្តព្រៃវែង បានចូលរួមទប់ស្កាត់ការវីករាលដាលនៃជំងឺកូវឹង ១៩ បានទៅចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដួសទី៣ និង ដួសទី៤ ដោយចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ជាប់ជាប្រចាំ និងបានជុំរុញឲ្យក្រុមគ្រួសារអតីតយុទ្ឋជន ឲ្យកូនចៅ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើងត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នាតាមលក្ខណៈបច្ចេកទេស របស់ក្រសួងសុខាភិបាល នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។

លោកស្រីបានបន្តថា ជាក់ស្តែងនៅក្នុងអំឡុងពេលបើកកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូង១៩ ទាំង៤លើកកន្លងមកនេះ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធ ជន ស្រុក/ក្រុង បានចាត់តាំងមេប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីប៉ុស្តិ៍ ជួយដឹកជញ្ជូនសមាជិកអតីតយុទ្ធជនណា ដែលគ្មានមធ្យោបាយធ្វើដំណើរ អ្នកឈឺដើរមិនរួច សុខចិត្តដឹកជញ្ជូន ពួកគាត់ឡើងចាក់វ៉ាក់សាំងតាមគោលដៅ បានកំណត់ និងបានឧបត្ថម្ភជាថវិកាបន្ថែម និងអាហារសម្រន់ទៀតផង។

ថ្លែងនៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញ ភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគម មានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។

លោកទេសរដ្ឋមន្រ្តី បានណែនាំ ឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់កូន និងចៅ របស់អតីតយុទ្ធជន និងជនពិការទាំងអស់ នៅខេត្តព្រៃវែង ដែលស្ម័គ្រចិត្តចង់ធ្វើជាកងទ័ពបម្រើប្រទេសជាតិផងដែរ។

លោកទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសយើង មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់អតីតយុទ្ធជន ជនពិការ ចំនួន ២៤៧នាក់នៅក្នុងម្នាក់ទទួលបាន ថវិកាចំនួន ១០ ម៉ឺនរៀលផងដែរ៕