(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំដល់សិស្សនិស្សិត ឲ្យចេះស្រឡាញ់ និងខិតខំអានសៀវភៅ ស្រាវជ្រាវបង្កើនចំណេះដឹងរបស់ខ្លួន ដើម្បីមានសមត្ថភាពជួយខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធ បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពិធីនេះ ក៏ការចូលរួមជាអធិបតីពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងវត្តមានលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ផងដែរ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ផ្ដើមចេញឲ្យមានការរៀបចំ ជាបណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងលោក ហុក សុទ្ធិ ដែលពួកគាត់ជាអតីតសិស្សនៅវិទ្យាល័យនេះ។

លោករដ្ឋមន្ដ្រីបន្ដថា លុះបន្ទាប់ពីពួកគាត់ បានវិលត្រឡប់ពីសិក្សានៅប្រទេសបារាំងវិញ ទើបបានមូលមតិគ្នា កសាងនូវបណ្ណាល័យនោះ ក្នុងគោលបំណងផ្ដល់ឱកាសឲ្យសិស្សានុសិស្ស បានសិក្សាស្រាវជ្រាវ តាមរយៈការអានសៀវភៅ និងតាមប្រព័ន្ធអ៊ីនធើណិតផងដែរ។

លោក ហុក សុទ្ធិ បានឲ្យដឹងផងដែរថា បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែថ្មីនេះ អតីតជាបន្ទប់សិក្សាចំនួន៤ ដែលមានសភាពទ្រុឌទ្រោមទៅហើយ ត្រូវបានជួសជុលកែលម្អឲ្យក្លាយទៅជាបណ្ណាល័យ និងសាលប្រជុំ។ ក្នុងបំណងផ្តល់ ដល់សិស្សានុសិស្សនូវបច្ចេកវិទ្យាទំនើប ដើម្បីជួយឲ្យពួកគេទទួលបានជោគជ័យ ក្នុងវិជ្ជាជីវៈ។

លោកបន្ដថា បណ្ណាល័យនេះដែរ មានសៀវភៅទាំងអស់ ២៥០០ក្បាល មានកុំព្យូទ័រ មួយគ្រឿងសម្រាប់ចុះបញ្ជីសៀវភៅ និងកុំព្យូទ័រពីរគ្រឿងទៀតសម្រាប់សិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រើដើម្បីស្វែងរកសៀវភៅ ដែលគេចង់អាន និងស្រាវជ្រាវរកឯកសារតាមអឺនធឺណិត។

ចំណែក លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងថា សុភាសិតខ្មែរមានរួចហើយគឺ «ចេះពីរៀនមានពីរក» ដូច្នេះ បណ្ណាល័យនេះ គឺជាឬសគល់ នៃចំណេះដឹង ពោលគឺប្រសិនបើសិស្សានុសិស្ស ពឹងទៅលើគ្រូបង្រៀនទាំងស្រុង គឺមិនគ្រប់គ្រាន់ទេ។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបន្ថែមទៀតថា ដូច្នេះហើយ ដើម្បីបង្កើនចំណេះដឹងសិស្សានុសិស្ស មានតែខិតខំស្រាវជ្រាវបន្ថែមដោយខ្លួនឯង នៅក្នុងបណ្ណាល័យ ដែលមានសៀវភៅ ជាពិសេសគឺប្រព័ន្ធឌីជីថល ងាយស្រួលក្នុងការបើកស្រាវជ្រាវដើម្បីរកសៀវភៅ ដែលខ្លួនចង់អាន៕