(ក្រចេះ)៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តក្រចេះ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពី លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ, លោក ហឿ ស៉ីយ៉ែម អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា និងសមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តក្រចេះ ជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តក្រចេះ ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្ត ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ជាពិសេសទៀតនោះ ជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយលោកបានសង្កត់ធ្ងន់ថា ពលរដ្ឋមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ។

លោកក៏បានក្រើនរំលឹក ដល់សកម្មជនគណៈចលនា ត្រូវបញ្ជាក់ឲ្យច្បាស់ថា គ្រប់គ្នានៅមូលដ្ឋានរបស់ខ្លួន គឺពិតជាមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបានបោះឆ្នោត ហើយប្រសិនមានប្រជាពលរដ្ឋណាម្នាក់មានបញ្ហាពាក់ព័ន្ធនឹងឯកសារ សូមជួយសម្រួលជូនគាត់ ពន្លឿនការងារឲ្យពួកគាត់បានទទួលឯកសារសមស្របគ្រប់គ្រាន់ ដូចជាអត្តសញ្ញាណបណ្ណសេរីចាស់ជាដើម គឺតម្រូវឲ្យមានសេរីថ្មី និងមានឈីបជាដើម។

លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។

លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឪកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។ ជាមួយគ្នានោះ ដោយក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋចំនួន ១,៥០០នាក់ផងដែរ។

ជាចុងក្រោយ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបឲ្យយល់ពីតំលៃសន្តិភាព និងរួមគ្នាថែរក្សាវាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់ជួបជុំ ពូជពង្សវង្សត្រកូល និងសាច់ញាតិដោយភាពសប្បាយរីករាយ។ លោកបន្តថា ដូចឧទាហរណ៍ស្រាប់នូវអ្វីដែលកើតឡើងចំពោះប្រទេស អ៊ុយក្រែន ដោយសារខ្វះសន្តិភាព សព្វថ្ងៃប្រជាជនរស់នៅក្នុងភាពភ័យខ្លាច បែកបាក់គ្រួសារ និងបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិផ្សេងៗជាច្រើនផងដែរ៕