(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ពីការបន្ដរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងផលិតផលបន្លែផ្លែឈើលើកទី១៥ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមើលឃើញថា សកម្មភាពនៃយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ ព្រមទាំងការតាំងពិព័រណ៌ និងការផ្សព្វផ្សាយពីផលិតផលខ្មែរផ្សេងៗទៀត បាន បានញុំាងឱ្យសន្ទុះនៃការគាំទ្រ និងការបង្កើនតម្លៃផលិតផលក្នុងស្រុកកាន់តែល្អប្រសើរពីមួយរដូវកាលទៅមួយរដូវកាល។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា «ចំពោះយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់កសិករ ផលិតករកម្ពុជា បាននាំយកទំនិញ និងផលិតផលមកដល់ទីផ្សារ និងបានជួយទ្រទ្រង់ដល់ចលនាបំលាស់ទីរបស់ផលិតផលខ្មែរ និងការអភិវឌ្ឍផលិតផលក្នុងស្រុក»

លោកបានបន្ថែមថា «ឆ្នាំ២០២២នេះ ជារដូវកាលលើកទី៧ ដែលក្រសួងពាណិជ្ជកម្ម បានអនុវត្តន៍យុទ្ធនាការក្នុងក្របខណ្ឌទូទាំងប្រទេស ទន្ទឹមនឹងការរៀបចំដាក់តាំងបង្ហាញផលិតផលខ្មែរ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ ក្រសួងក៏មានយន្តការផ្សេងៗទៀតដូចជា ការផ្សព្វផ្សាយក្នុងបណ្តាញសង្គម គេហទំព័រ ការជ្រើសរើសផលិតផលលក់លើទីសាធារណៈ ក្នុងកម្មវិធីផ្សារចុងសប្តាហ៍នៅក្នុងរាជធានី-ខេត្ត ការបង្កើតទីផ្សារកសិករ តាមស្ថានីយប្រេងឥន្ធនៈភីធីធី និងការរួមសហការជាមួយផ្សារទំនើបនានា ដើម្បីបញ្ចៀតផលិតផលខ្មែរក្នុងផ្សារទំនើបជាដើម។ ចំពោះសកម្មភាពនេះបានញុំាងឱ្យ សាធារណៈជនទូទៅចូលរួមគាំទ្រផលិតផលខ្មែរកាន់តែច្រើន ពីមួយរដូវកាលទៅមួយរដូវកាល»

លោកបានបន្ថែមថា ជាការកត់សម្គាល់ ផលិតផលខ្មែរមានវត្តមានច្រើនលើទីផ្សារ ទាំងទីផ្សារទំនើប ផ្សារធម្មតា ផ្សារតូចៗតាមសហគមន៍ និងតាមជនបទនានា និងទីកន្លែងលក់ដូរតូចតាចនានា។ នេះជាសមិទ្ធិកម្មនៃការខិតខំប្រឹងប្រែងផ្សព្វផ្សាយ ជំរុញចលនាមហាជនឱ្យងាក មកចូលរួមគាំទ្រផលិតផលខ្មែរ សមិទ្ធិកម្មមិនមែនកើតឡើង ដោយការខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មតែមួយទេ តែជាការរួមចំណែករបស់គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា «ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ របស់ក្រសួងពាណិជ្ជកម្មនេះ ជាវិធីសាស្រ្ដល្អសម្រាប់បង្កើនតម្លៃផលិតផលខ្មែរក្នុងស្រុក។ នេះជាការរៀបចំលើកដំបូងបន្ទាប់ពីអាកខានប្រមាណ២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ តែយ៉ាងណាសង្ឃឹមថា នឹងបន្ដរៀបចំបានជារាល់ឆ្នាំឡើងវិញ»

លោកឧកញ៉ាបានបន្ដថា ផលិតផលខ្មែរនឹងត្រូវបានត្រូវបានគាំទ្រកាន់តែច្រើន ប្រសិនបើមានរៀបចំពិព័ណ៌ ឬយុទ្ធនាការផ្សេងៗ ដើម្បីតាំងបង្ហាញអំពីផលិតផលខ្មែរ។ ក្នុងបរិបទនៃជំងឺកូវីដ១៩នេះឃើញថា ទីផ្សារផលិតផលខ្មែរបានដើរទៅមុខមួយជំហាន ដោយសារតែការបិទខ្ទប់ និងមិនមានការនាំចូលទំនិញពីបរទេស ធ្វើឲ្យអ្នកប្រើប្រាស់ងាកប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន៕