(ភ្នំពេញ)៖ ឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឪរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ពង្រឹងរចនាសម្ព័ន្ធថ្នាក់ឃុំ នៅមន្ទីរគណបក្សឃុំតាសាល ដើម្បីត្រួតពិនិត្យ លើកផែនការសកម្មភាពឆ្ពោៈទៅការបោះឆ្នោត និងណែនាំបន្ថែមដល់បេក្ខជនដែលឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកបានលើកឡើងថា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែជិតមកដល់នោះ បេក្ខជនដែលបានឈរឈ្មោះបោះឆ្នោតទាំងអស់ ស្របតាមគណៈកម្មាធិការជាតិរៀតចំការបោះឆ្នោត(គ.ជ.ប.) គប្បីបង្កើនការបំរើដល់បងប្អូនប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀតដូចជាភ្លៀងរលឹម ដោយមិនត្រូវគិតនិន្នាការ និងរើសអើងជាតិសាសន៍ និងគណបក្សនយោបាយអ្វីនោះឡើយ។

លោកបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះភ្លួកទឹកភ្លួកដីដដែល ខណៈគណបក្សប្រជាជនកម្ពុជា បានពុះពារ រួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

លោក យឿន យឿត ក៏បានបញ្ជាក់ផងដែរថា រហូតដល់មកដល់ពេលនេះគណបក្សប្រជាជនកម្ពុជាបានចុះឈ្មោះបេក្ខជនរបស់ខ្លួនទាំងពេញសិទ្ធ និងបំរុងចំនួន៦០រូបរួចជាស្ថាបពរហើយដោយបេក្ខជនទាំងអស់នោះសុទ្ធតែមានសមត្ថភាពនិងឆន្ទៈមនសិការបំរើប្រជា និងផលប្រយោជន៍រួមទាំងអស់។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខមានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់នោះ៕