(បន្ទាយមានជ័យ)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំវាយតម្លៃការអនុវត្តផែនការសកម្មភាព ការងារគណបក្សជំហានទី១ ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំដល់សមាជិកសមាជិកា ទាំងអស់មិនត្រូវស្កប់ស្កល់ និងធ្វេសប្រហែស នូវអ្វីៗទាំងអស់ដែលយើងមានដើម្បីរក្សាប្រៀប ឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់។

ថ្លែងក្នុងនាមប្រធានក្រុមការងារក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ និងកោតសសើរដល់សមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមអនុវត្តសកម្មភាពការងារជំហានទី១ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានលទ្ធផលដូចបានគ្រោងទុក ដោយបានចូលរួមយ៉ាងសកម្មមិនខ្លាចនឿយហត់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ការផ្តល់សេវាសាធារណៈ មានប្រសិទ្ធភាព ការពារបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ បញ្ហាគ្រឿងញៀន បញ្ហាជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិនានា បន្តការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ប្រកបដោយចិរភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំឲ្យសមាជិកទាំងអស់ត្រូវបន្តឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាអនុវត្តនូវផែនការសកម្មភាពទិសដៅ ការងារសំដៅបម្រើឧត្តមប្រយោជន៍ របស់ប្រជាពលរដ្ឋ និងពង្រឹងពង្រីកការងារផ្សព្ធផ្សាយគោលនយោបាយរាជរដ្ឋាភិបាល គណបក្សឲ្យបានទូលំទូលាយ ដើម្បីរក្សាឲ្យបាននូវប្រៀបឈ្នះលើគូប្រកួតប្រជែង ក្នុងការបោះឆ្នោតពេលខាងមុខ។

ជាទ្រនាប់ដៃ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំយកថវិកាឧបត្ថម្ភសរុប១៨៤លានរៀល ឧបត្ថម្ភជូនដល់៖
១៖ ឧបត្ថម្ភដល់បក្សឃុំ/សង្កាត់ចំនួន៦៧ ក្នុងមួយឃុំ/សង្កាត់ៗ ទទូលបានថវិកា២លានរៀល
២៖ ឧបត្ថម្ភក្រុមការងារយុវជនគណបក្សនូវថវិកាចំនួន៥០លានរៀលផងដែរ៕