(សេអ៊ូល)៖ ក្នុងសមាជគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង នោះ ក្រុមអ្នកតាមដាននានាបានលើកឡើងថា វាមិនត្រឹមតែជាការបង្ហាញឥទ្ធិពលនៃប្រមុខ ដឹកនាំកំពូលលោក គីម ជុងអ៊ុន នោះទេ ក៏ប៉ុន្តែសាច់ឈាមរបស់ត្រកូលគីម មួយចំនួនក៏នឹងត្រូវ លើកឲ្យឡើងកាន់តំណែងធំផងដែរ តួយ៉ាងដូចជាប្អូនស្រីរបស់មេដឹកនាំគីម ដែលទើបតែមាន វ័យ ២៩ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។

អ្នកនាង គីម យ៉ូជុង វ័យ ២៩ឆ្នាំត្រូវបាន សារព័ត៌មានកូរ៉េខាងត្បូងចេញផ្សាយថា នឹងអាចឡើង កាន់តំណែងធំក្នុងបក្ស ព្រមទាំងនឹងក្លាយជារដ្ឋមន្ត្រីមួយរូប ក្នុងជួររដ្ឋាភិបាលថែមទៀត។ នាង យ៉ូជុង បានចូលរួមប្រឡូកក្នុងឆាកនយោបាយជាមួយបងប្រុស អស់រយៈពេល បីឆ្នាំមកហើយ ដោយរយៈពេលកន្លងមកនេះ វាសមល្មមអាចឲ្យនាងដកស្រង់បាននូវបទពិសោធន៍ជាច្រើន។

ក្រុមអ្នកវិភាគនៅកូរ៉េខាងត្បូង ក៏ជឿជាក់ថាប្រសិនបើអ្នកនាង គីម យ៉ូជុង ឡើងកាន់តំណែងធំ និងបានទទួលការគាំទ្រពីមេដឹកនាំគ្រប់ជាន់ថ្នាក់នោះ វានឹងមានន័យថាអំណាចដឹកនាំប្រទេសរបស់ ត្រកូល គីម ជំនាន់ទីបីនេះកាន់តែរឹងមំា ព្រោះកន្លងមកស្ត្រីរូបនេះជាអ្នកកាន់តួនាទី ក្តោបក្តាប់ ការផ្សព្វផ្សាយនានាទូទាំងប្រទេស ស្តីពីលទ្ធផលនានានៃការអភិវឌ្ឍប្រទេស ទៅដល់ប្រជាជន គ្រប់ទីកន្លែងទូទាំងប្រទេសកូរ៉េខាងជើង៕