(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ជិះម៉ូតូ SL មួយគ្រឿង បានទៅភ្ជង់ប្លន់យកម៉ូតូម៉ាក សេ១២៥ មួយគ្រឿងទៅបាន ទាំងថ្ងៃចែស នាវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ភ្នាក់ងា Fresh News ប្រចាំខណ្ឌឫស្សីកែវ បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ ជួប សារ៉ាត់ អាយុ២៥ឆ្នាំ ធ្វើការនៅសហគ្រិនឥណទានគ្រួសារ។ ដោយឡែកជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ SL កាំភ្លើងខ្លី២ដើម។

ម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកសេ១២៥សេរី ២០១៦ ពណ៌ខ្មៅពាក្យស្លាកលេខភ្នំពេញ​ 1DB-0551 ដែលការប្លន់នេះបានកើតឡើង ខណ:ជនរងគ្រោះ កំពុងជិះម៉ូតូទៅធ្វើការ។ នៅពេលនេះជនរងគ្រោះ ស្ថិតក្រោមការសាកសួរ នៅប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ដោយទ្វារបិទជិត៕