(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានរៀបចំសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២។

សន្និបាតនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព របស់លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការ តំណាងសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាវត្តមានរបស់អនុរដ្ឋលេខាធិការ តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងបណ្ឌិត្យសភាពនគរបាលកម្ពុជា។

ស្ថិតក្នុងឱកាសនោះ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពន្ធនាគារទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឲ្យអគ្គនាយកដ្ឋានពន្ធនាគារ សម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ជាពិសេសស្ថិតក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បានបង្ហាញពីភាពទទួលខុសត្រូវ មិនបាត់បង់ម្ចាស់ការ (មិនបោះបង់ចោលពន្ធនាគារ) ដោយបានប្រមូលផ្តុំ និងប្រើប្រាស់ធនធានមធ្យោបាយសរុប ពុះពារជម្នះ គ្រប់គ្រងស្ថានការណ៍បង្ការទប់ស្កាត់ការឆ្លង ធ្វើការពិនិត្យព្យាបាល និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព។ ការរៀបចំសន្និបាត ផ្សព្វផ្សាយលទ្ធផលការងាររបស់អគ្គនាយកដ្ឋានពន្ធនាគារនាពេលនេះ គឺសំដៅធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវទិសដៅការងារឆ្នាំ២០២២ ស្របតាមគោលនយោបាយកំណែទម្រង់ពន្ធនាគារ និងទិសដៅការងាររបស់ក្រសួង ដែលបានដាក់ចេញក្នុងសន្និបាតកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ រួមទាំងលទ្ធផលនៃក្រុមពិភាក្សាសន្និបាតលើប្រធានបទទី៥ «ការងារកែទម្រង់ពន្ធនាគារដោយផ្តោតលើការធ្វើចំណាត់ថ្នាក់សន្តិសុខ ដើម្បីគ្រប់គ្រងជនជាប់ឃុំ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំផ្លូវចិត្ត ការផ្តល់សេវាសុខភាព ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ជំងឺឆ្លងផ្សេងៗចូលពន្ធនាគារ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឈានទៅធានាបាននូវសុវត្ថិភាព និងសមាហរណកម្មក្នុងសហគមន៍»

លោក ឆែម សាវុធ បានបន្តថា ការងារពន្ធនាគារមានការប្រែប្រួលពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលជាការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន ពោលគឺគ្រប់គ្រងជនជាប់ឃុំ ធានាបានសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌ ស្របតាមគោលការណ៍ និងវិធានអង្គការសហប្រជាជាតិ ដែលមានគោលដៅជាសារវន្តផ្តោតលើការងារអប់រំកែប្រែស្តារនីតសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងការធ្វើសមាហរណកម្មជនជាប់ឃុំ។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានបន្ថែមថា ឆ្នាំ២០២១កន្លងទៅនេះ តាមរយៈការត្រួតពិនិត្យតាមដានការអនុវត្តការងារជាក់ស្តែងជាប្រចាំ និងលទ្ធផលការងារតាមដំណាក់កាលនីមួយៗ លោកបានកត់សម្គាល់ចំពោះសមិទ្ធិផលរួម ជាទូទៅការប្រព្រឹត្តទៅនៃគ្រប់សកម្មភាពការងាររបស់អគ្គនាយកដ្ឋាន និងបណ្តាអង្គភាពចំណុះ បានអនុវត្តត្រឹមត្រូវតាមច្បាប់នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា ធានាការពារបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមពន្ធនាគារបានល្អ ការងារជំនាញ ការកសាងលើកកម្ពស់សមត្ថភាពស្ថាប័នសមត្ថភាពមន្ត្រី ការលើកកម្ពស់ស្មារតីទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចនៅគ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវបានពង្រឹង និងមានភាពប្រសើរឡើងជាលំដាប់។

លោកបានឲ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារត្រូវបានដោះស្រាយជាជំហានៗ ទន្ទឹមនឹងនេះកំណើនជនជាប់ឃុំក៏នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ សេចក្តីត្រូវការក្របខ័ណ្ឌមន្រ្តី ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ មិនបានធ្វើការជ្រើសរើសបំពេញបន្ថែម ជាហេតុបណ្តាលឲ្យនៅមានគម្លាតខ្លាំងបើធៀបនឹងចំនួនជនជាប់ឃុំ
និងពុំទាន់អាចឆ្លើយតបបានតាមបទដ្ឋានអប្បបរមាសម្រាប់ការឃុំខ្លួន និងការគ្រប់គ្រងពន្ធនាគារប្រកបដោយសន្តិសុខសុវត្ថិភាព ជាក់ស្តែងគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សរុបមានចំនួន ២.៩៨២នាក់ និងជនជាប់ឃុំសរុប មានចំនួន ៣៨.០៧០នាក់ ជាមធ្យមមន្ត្រីម្នាក់ត្រូវគ្រប់គ្រងជនជាប់ឃុំ ១៤នាក់ នៅពន្ធនាគារខ្លះរហូតដល់ជាង២០នាក់។ សំណង់អគារឃុំមួយចំនួនមានសភាពចាស់ទ្រុឌទ្រោម និងថយចុះនៃគុណភាពសំណង់ កង្វះហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌមន្ត្រី រួមនឹងសម្ពាធការងាររបស់មន្ត្រីសន្តិសុខបំពេញការងារលើសម៉ោងរដ្ឋបាលច្រើន ការបន្តអូសបន្លាយនៃជំងកូវីដ១៩ ដែលធ្វើឲ្យការងារពន្ធនាគារប្រមូលផ្តុំ យកចិត្តទុកដាក់លើបញ្ហាសុខភាពអនាម័យជនជាប់ឃុំ ស្ថានភាពនេះនៅតែជាក្តីកង្វល់សម្រាប់សន្តិសុខសុវត្ថិភាពពន្ធនាគារ និងបន្តបង្កផលប៉ះពាល់ដល់ដំណើរការងារដ៏ទៃទៀត ជាអាទិ៍ ការអនុវត្តកម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីសមាហរណកម្ម ពុំទាន់អនុវត្តបានទូលំទូលាយ សមស្របតាមផែនការសកម្មភាព និងកម្មវិធីការងារដែលបានគ្រោងទុក។

បើតាមលោក ឆែម សាវុធ ឆ្លើយតបចំពោះបញ្ហាប្រឈមនានា រួមទាំងការលំបាកចំពោះមុខ មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ទាំងអស់បានបង្ហាញពីភាពម្ចាស់ការដោះស្រាយតាមលទ្ធភាពរបស់ខ្លួន ធ្វើការសាងសង់និងកែលម្អហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដែលលោកបានយកឱកាសនេះ ថ្លែងនូវការកោតសសើរ និងបន្តលើកទឹកចិត្តចំពោះកាយវិការដ៏ល្អប្រពៃ ប្រកដោយស្មារតីទទួលខុសត្រូវនេះ។

លោកក៏បានថ្លែងដែរថា សន្និបាតប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំឡើងដើម្បីធានាឲ្យការអនុវត្តទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន ទទួលបាននូវភាពពេញលេញ ក្នុងនោះរួមទាំងការផ្តួចផ្តើមអំពីប្រធានបទសម្រាប់ធ្វើបទអន្តរាគមន៍ សំដៅប្រមូលធាតុចូលសំខាន់ៗ ពីមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដែលជាអ្នកប្រតិបត្តិដោយផ្ទាល់ ដើម្បីប្រមូលផ្តុំនូវគំនិតយោបល់ បទពិសោធន៍ សម្រាប់ជាមូលដ្ឋានធ្វើការ ដាក់ចេញនូវដំណោះស្រាយ វិធានការនានា និងជាទស្សនវិស័យកំណត់ទិសដៅការងារឲ្យបានសមស្រប និងកាន់តែមានប្រសិទ្ធភាពថែមទៀត៕