(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះលោក ខាន់ តូនី ព្រមទាំងក្រុមគ្រួសារ

ចំពោះមរណភាពរបស់លោក ខាន់ សុវណ្ណ ដែលត្រូវជាឪពុក ដែលបានទទួលមរណភាពនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

ក្នុងសារលិខិតរំលែកមរណទុក្ខរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដូចនេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោក ខាន់ សុវណ្ណ ជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ ត្រូវជាឪពុករបស់លោក ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏សោកសង្រេង និងអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំសូមចូលរួម រំលែក មរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់នូវឪពុកជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់លោក និងក្រុមគ្រួសារ ហើយក៏ជាការបាត់ បង់នូវធនធានមនុស្សជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយមួយរូប ប្រកបដោយស្មារតីស្នេហាជាតិ និងប្រជាជន។

សម្តេចក្រឡាហោម ស ខេង ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ខាន់ សុវណ្ណ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕