(កណ្តាល)៖ ផ្លូវជាតិលេខ២១ តភ្ជាប់ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ទទួលបានការសាទរ និងរីករាយជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋទទួលអាស្រ័យផលជាមួយផ្លូវមួយខ្សែនេះ។

ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រនេះ ត្រូវបានលើកកម្ពស់គុណភាពជាប្រភេទផ្លូវបេតុងកៅស៊ូ AC និងពង្រីកជា ៤គន្លង ប្រវែង ៥៥គីឡូម៉ែត្រ និងប្រវែងជិត ៩គីឡូម៉ែត្រ មានពីរគន្លង តែពង្រីទទឹងតួផ្លូវដល់ ១១ម៉ែត្រ។ ផ្លូវនេះ ប្រើប្រាស់ពេលវេលាក្នុងសាងសង់លើកកម្ពស់គុណភាព និងពង្រីក ៤៦ខែ ចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ខែកក្កដា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បានមានប្រសាសន៍ថា ផ្លូវជាតិលេខ២១ ជាផ្លូវជាតិដែលមានប្រវែងជិតជិត​ជាងបណ្តា​ផ្លូវជាតិដទៃ។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ផ្លូវជាតិនេះ បម្រើជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូន​ទំនិញរបស់ប្រជាពលរដ្ឋ​នៅក្នុងខេត្តកណ្តាល និងការផ្លាស់ប្តូរទំនិញជាមួយប្រទេសវៀតណាម។ បន្ថែមពីលើនោះ ផ្លូវនេះ ក៏បានជួយសម្រួលដល់ការតភ្ជាប់បណ្តាញអគ្គិសនីពីប្រទេសវៀតណាមផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ខ្សែផ្លូវទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា «ខ្សែផ្លូវនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន នៅពាសពេញផ្ទៃប្រទេស ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលុប ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជាជនដ៏មោះមុត និងបញ្ញាញាណដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាព»

ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ខេត្តកណ្តាល បានបង្ហាញនូវក្តីរីករាយជាខ្លាំងជាមួយសមិទ្ធផលផ្លូវជាតិលេខ២១ ដោយបានរួមចំណែកជួយធ្វើឱ្យពួកគាត់ស្រួលធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗទៅកាន់ទីផ្សារ។ ពួកគាត់បានលើកឡើងថា សមិទ្ធផលផ្លូវនេះ បានរួមចំណែកធ្វើឱ្យជីវភាពកាន់តែប្រសើរ។

ប្រជាពលរដ្ឋដែលបាននិងកំពុងអាស្រ័យផលជាមួយផ្លូវនេះ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានសាងសង់ផ្លូវមួយខ្សែនេះឡើង ជួយធ្វើឱ្យការរស់នៅរបស់ពួកគាន់បានកាន់តែប្រសើរ៕