(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានចែកសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ដល់ និស្សិតចំនួន៤១រូប ដែលបានបញ្ចប់ការសិក្សា លើជំនាញសុខភាពសាធារណៈ។

នៅក្នុងពិធីនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអបអរសាទរ និងកោតសរសើរដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈនាពេលនេះ។ លោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងសាស្ត្រាចារ្យទាំងអស់ ដែលបានលះបង់ពេលវេលាចុងសប្ដាហ៍ ដើម្បីមកបង្រៀនជំនាញសុខភាពសាធារណៈដល់និស្សិតយើងដែល នឹងក្លាយជាអ្នកបន្តវេនក្នុងការងារគ្រប់គ្រងវិស័យសុខាភិបាលទៅថ្ងៃអនាគត។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្ដថា ការបង្កើតវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីឲ្យធ្វើជាសេនាធិការមួយរបស់ក្រសួង លើការងារមន្ទីរពិសោធន៍ ការបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ និងការស្រាវជ្រាវ និងរៀបចំគោលនយោបាយសុខាភិបាល។ កន្លងមកវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថាន ឧត្តមសិក្សាដោយបានបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញសុខភាពសាធារណៈ ប្រកបដោយគុណភាពដើម្បីរួមចំណែក បង្កើនធនធានមនុស្សផ្នែកសុខភាពសាធារណៈ នៅកម្ពុជា។

គួរបញ្ជាក់ដែរថា ការបង្កើនធនធានមនុស្សក្នុងជំនាញសុខភាពសាធារណៈនេះ គឺជាយុទ្ធសាស្ត្ររយៈពេល វែងមួយរបស់ក្រសួងសុខាភិបាល សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពរបស់ប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាលប្រកប ដោយចីរភាពដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើគុណភាពនៃសេវា និងការផ្តល់ សេវាប្រកបដោយសមធម៌។

ចាប់តាំងពីមានផ្ទុះជំងឺកូវីដ-១៩ មកបញ្ហាសុខភាពសាធារណៈត្រូវបានគេមើលឃើញថា ជារឿងដែលត្រូវយកចិត្តទុកដាក់បំផុត បទពិសោធន៍នៅក្នុងការងារឆ្លើយតបទៅនឹងជំងឺកូវីដ១៩ កន្លងមកបានបង្ហាញថា ប្រទេសនីមួយៗត្រូវចេះរៀបចំយុទ្ធសាស្ត្រ និងដាក់ចេញនូវ បទអន្តរាគមន៍ទៅតាមបរិបទរបស់ប្រទេសរៀងៗខ្លួន ដែលប្រការនេះតម្រូវឲ្យប្រទេសនីមួយៗ មានធនធានមនុស្សនៅក្នុងស្រុកដែលមានសមត្ថភាពធ្វើការវិភាគស្ថានភាព រិះរកយុទ្ធសាស្ត រៀបចំយន្តការឆ្លើយតប និងធ្វើការស្រាវជ្រាវ តាមដាននិងវាយតម្លៃបទអន្តរាគមន៍ដែលបានដាក់ចេញ ដើម្បីធ្វើឲ្យការឆ្លើយតបរបស់ប្រទេសខ្លួនកាន់តែមានភាពប្រសើរឡើងជាលំដាប់។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសង្ឃឹមយ៉ាងមុតមាំថា និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ដែលបានបញ្ចប់ការសិក្សាទាំងនេះ នឹងក្លាយជាធនធានបន្ថែមដ៏សំខាន់ដល់វិស័យសុខាភិបាលនៅប្រទេសកម្ពុជាយើង ហើយនឹងចូលរួមការងារពង្រឹងប្រព័ន្ធសុខាភិបាល ក៏ដូចជាការត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយ សុខភាពសាធារណៈផ្សេងៗទៀត ដែលនឹងអាចកើតមានដោយសារមេរោគរាតត្បាត សង្គ្រាមបម បំរួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។

លោករដ្ឋមន្រ្ដី បានគាំទ្រ និងជំរុញឲ្យវិទ្យាស្ថានជាតិសុខភាពសាធារណៈ បន្តធ្វើការបណ្តុះបណ្តាលធនធានមនុស្សទាំង កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងការបណ្ដុះបណ្ដាល បន្តដល់មន្ត្រីសុខាភិបាលដែលកំពុងបម្រើការងារដើម្បីផ្ដល់ជំនាញថ្មីៗ បន្ថែមទៀតដល់មន្ត្រីសុខាភិបាលទាំងអស់ សម្រាប់ត្រៀមខ្លួនផ្តល់សេវាសុខាភិបាលដែលមានការឆ្លើយតបទៅនឹង ស្ថានភាពជំងឺនិងបរិបទរបស់ប្រទេសកម្ពុជាយើងទៅថ្ងៃអនាគត។

ជាថ្មីម្ដងទៀត លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏សូមចូលរួមសប្បាយរីករាយជាមួយនិស្សិតដែលបានបញ្ចប់ការសិក្សា និងក្រុមគ្រួសាររបស់និស្សិតទាំងអស់សម្រាប់ជោគជ័យដ៏ធំធេងនៅក្នុងការសិក្សាថ្នាក់បរិញ្ញាបតជាន់ខ្ពស់ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈនាពេលនេះ។ លោកលើកឡើងថា ជោគជ័យទាំងនេះគឺពិតជាបានមកពីការប្រឹងប្រែង និងការលះបង់របស់និស្សិត ម្នាក់ៗ រួមនិងការគាំទ្រពីក្រុមគ្រួសារក៏ដូចជាការណែនាំពីសាស្ត្រាចារ្យដឹកនាំនិងការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យ ទាំងអស់ផងដែរ៕