(កំពង់ឆ្នាំង)៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត សហការគ្នាជាមួយគណៈបញ្ជាការឯកភាពស្រុកចំនួន៣ ដែលមានកម្លាំងសរុបចំនួន១០០នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅក្នុងស្រុក៣ ក្នុង ទឹកដីខេត្តកំពង់ឆ្នាំង។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្ត លោក សាយ សន្យា ថា ក្រោមការអនុវត្តតាមផែនការរបស់លោក ស៊ុន សុវណ្ណារិទ្ធិ កម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទ ចំនួន៣គោលដៅ រួមមាន៖ ស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌។

លោកថា «ក្នុងយុទ្ធនាការនេះយើងបានប្រើប្រាស់កម្លាំងសរុបចំនួន១០០នាក់ ក្នុងនោះមានមន្ត្រីជលផល២០នាក់ កម្លាំងនគរបាលចំនួន២៧នាក់ គណៈបញ្ជាការឯកភាពស្រុកទាំង៣ចំនួនសរុប៥៣នាក់ ដោយប្រើប្រាស់មធ្យោបាយ កាណូតចំនួនសរុប១៨គ្រឿង ជាលទ្ធផលសម្រេចបានរុះរើរបាំងសាច់អួនចំនួន២៧ កន្លែង ស្មើ២២០០ម បង្គោលចំនួន៨៥០ដើម លូសាច់អួនចំនួន៣៤លូ រុះសម្រាស់ចំនួន៧កន្លែងស្មើ៥៦០ម៉ែត្រការ៉េ បង្គោលចំនួន១៣០ដើម មែកសម្រាស់ចំនួន៣៤០០មែក»

ដោយឡែកលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់នៅថ្ងៃទី២៤ ខែមីនានេះថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចចំរុះនឹងបន្តធ្វើរហូតលុះអស់បទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេសគឺការបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោងប្រព្រឹត្តបទល្មើសនេសាទ។

ថ្លែងចេញពីក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់ និងការទន្ទ្រានដីព្រៃលិចទឹកនៅបន្តកើតមាន។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការបង្ក្រាបជនល្មើសទៀតផង ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចដេញតាមបង្រាបក្រុមជនល្មើសមិនទាន់។ បទបញ្ជាសារជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទ និងបូកសរុបការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

នៅចំពោះថ្នាក់ដឹកនាំ ជាពិសេសអភិបាលខេត្តជុំវិញបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអភិបាលខេត្តទាំងនោះ រៀបចំផែនការនៅពេលត្រឡប់ទៅវិញ ដើម្បីបន្តបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព៕