(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ឲ្យខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងពេលអញ្ជើញចុះសំណេះសំណាល ជាមួយអាជ្ញាធរស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ។

លោកអភិបាលខេត្តថ្លែងថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគ្រប់រូប ត្រូវបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារសន្តិសុខជាតិឲ្យបានរឹងមាំ និងត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទផ្សេងៗ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សចៀសវាងទុកឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយនៅពេលក្រោយ។

លោកបានណែនាំឲ្យយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានា ក្នុងមូលដ្ឋាន ជាពិសេសផ្ដល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្ដល់សេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋមកទទួលសេវា។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹង សមត្ថភាពដល់មន្ត្រីផ្ដល់សេវានៅមូលដ្ឋាន ពិសេសមេឃុំ ស្មៀនឃុំ មេភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រូវពង្រឹងការទទួលខុសត្រូវ ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងរួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព»

ជាមួយគ្នានេះ លោកអភិបាលខេត្តបានក្រើនរំលឹក និងជំរុញដល់អាជ្ញាធរមូលដ្ឋាន សូមឲ្យបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង៕