(បាត់ដំបង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាសហគមកសិកម្ម ពន្លឺពេជ្យចិន្លា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

បច្ចុប្បន្នសហគមកសិកម្មពន្លឺពេជ្យចិន្តា កំពុងប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ ដោយសហគមបានយកមកប្រើប្រាស់លើមុខសញ្ញាដាំដុះបន្លែក្នុងផ្ទះសំណាញ់ ចញ្ចឹមមាន់ស្រែ និងកែច្នៃផលិតផលកសិកម្មជាពិសេសមៀនប៉ៃលិន និងទឹកមៀន ដាំដុះពោត ជាដើម។

តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ តំណាងសហគម បានធ្វើសំណូមពរ មកកាន់ ធនាគារមាន គឺស្នើសុំឥណទានបន្ថែម ដើម្បីធ្វើការពង្រីកការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ព្រោះមុខរបរនេះគឺមានចំណូលថេរ។

ឆ្លើយតបទៅកាន់សំណូមពររបស់សហគម លោកបណ្ឌិត ស្នើសុំឲ្យបងប្អូនធ្វើការពិនិត្យលទ្ធភាព ដោយធ្វើការបំពេញ ទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារ។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានធ្វើការពន្យល់លម្អិតបន្ថែម អំពីគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាល និងលក្ខខណ្ឌទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

លោកបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងមតិណែនាំមួយចំនួន ជូនដល់បងប្អូន និងបានធ្វើការផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ទូរស័ព្ទក្នុងម្នាក់ចំនួន១គ្រឿង ជូនដល់បងប្អូនកសិករគំរូចំនួន៦ រូប ដែលបានប្រើប្រាស់ឥណទានចំគោលដៅ និងអាជីវកម្មរបស់ពួកគាត់មានការរីកចម្រើន៕