(សៀមរាប)៖ កាកបាទក្រហមខេត្តសៀមរាប នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម៨ ឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងលោកស្រី និងថ្នាក់ដឹកនាំកាកបាទក្រហមខេត្តសៀមរាប ព្រមទាំងសប្បុរសជនជាច្រើនរូបផងដែរ។ ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម នៅខេត្តសៀមរាប ទទួលបានថវិកាជាង ៦០៥,៥៥៥ដុល្លារអាមេរិក។

លោក ឃឹម ប៊ុនសុង ប្រធានកិត្តិយសកាកបាទក្រហមខេត្ត សៀមរាប បានថ្លែងថា វិសាលភាពប្រតិត្តិការ របស់កាកបាទក្រហមកម្ពុជាមានទំហំធំឡើងៗ ជារៀងរាល់ឆ្នាំ ដើម្បីប្រសិទ្ធភាពនៃការបន្តផ្តល់ សេវាមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ជាពិសេសបង្កដោយការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍច័ន្ទក្រហមនេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ បានអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិជួយឧបត្ថមគាំទ្រ និង បរិច្ចាគសម្ភារៈ ថវិកា ដល់កាកបាទក្រហមកម្ពុជា។ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ក៏រំពឹងមុតមាំថា សប្បុរសជននឹងចូលរួមបរិច្ចាគធនធាន ដើម្បីបង្ហាញពីវប្បធម៌ នៃការចែករំលែក និងការចូលរួមកម្លាំងមនុស្សធម៌ ដើម្បីបុព្វហេតុមនុស្សជាតិ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងលោកស្រី ចូលរួមថវិកាកាកបាទក្រហម ៥ពាន់ដុល្លារ លោក ឃឹម ប៊ុនសុង និង លោកស្រី ចូលរួមថវិកា១ម៉ឺនដុល្លារ អ្នកឧកញ៉ា សៀង ណាំ ចូលរួមថវិកា១ ម៉ឺនដុល្លារ និងលោក នូ ផល្លា ចូលរួមថវិកា៥ពាន់ដុល្លារ រួមទាំងសប្បុរសជនផ្សេងទៀត សរុបទទួលបានថវិកា ៦០៥,៥៥៥ដុល្លារអាមេរិក៕