(ប៉ៃលិន)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់សមាជិកសមាគមន៍មៀនប៉ៃលិន។

ថ្លែងក្នុងពិធីសំណេះសំណាល លោកបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូនអំពីសវតា នៃគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងបានជម្រាបបន្ថែមអំពីគោលដៅនៃគម្រោងហិរញ្ញប្បទាន ចំនួន៥០លានដុល្លារ ដំណាក់កាលទី២នេះផងដែរ។

យកឱកាសនោះ លោកបណ្ឌិត បានធ្វើការពន្យល់ពី៖
* គោលការណ៍ឥណទាន ក្នុងគម្រោងឥណទានពិសេសនេះ
* អំពីទ្រព្យធានាបំណុល ដើម្បីទទួលបានឥណទានថ្មី ឬ ឥណទានបន្ថែម
* អំពីលក្ខខណ្ឌមួយចំនួនសម្រាប់សមាជិកសមាគមន៍មៀនប៉ៃលិន ចាំបាច់ត្រូវបំពេញ ដើម្បីចូលក្នុងលក្ខខណ្ឌទទួលបានឥណទាន។

បន្ថែមលើនេះ លោកបណ្ឌិត បានលើកយកព័ត៍មានទីផ្សារជាពិសេសលើបញ្ហាមៀនប៉ៃលិនផងដែរ។

លោកបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាគមន៍ សូមមានផែនការច្បាស់លាស់ និងក្តាប់ឲ្យបានព័ត៌មានទីផ្សារ និងជាពិសេសត្រូវចុះបញ្ជីប្រព័ន្ធ GAP ឲ្យបានរួចរាល់ ដើម្បីមានលទ្ធភាពអាចធ្វើការលក់ចេញទៅក្រៅប្រទេសបាន ជាពិសេសទីផ្សារប្រទេសចិន។

ជាមួយគ្នានេះ លោកបណ្ឌិត បានធ្វើការប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ជូនដល់កសិករគំរូ នូវទូរស័ព្ទក្នុងម្នាក់ចំនួន១គ្រឿង ដែលបានប្រើប្រាស់ឥណទានចំគោលដៅ និងពង្រីកអាជីវកម្មឲ្យមានកំណើន៕