(សៀមរាប)៖ លោក សុខ រ៉ាយ៉ាន ប្រធានចលនាខ្មែរឥស្លាមរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ប្រចាំខេត្តសៀមរាប បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (CPP) បន្ទាប់ពីបានមើលឃើញច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនក្នុងការកសាងសង្គមកម្ពុជាឱ្យរីកចម្រើន។

លោក សុខ រ៉ាយ៉ាន បានឱ្យដឹងថា លោកបានចូលរួមធ្វើសកម្មភាពនយោបាយ ជាមួយអតីតគណបក្សសង្គ្រោះជាតិអស់ជាច្រើនឆ្នាំ ដោយសារតែជឿថាអតីតគណបក្សនយោបាយមួយនេះអាចចូលរួមចំណែកជួយដល់សង្គមដូចអ្វីដែលមេដឹកនាំកំពូលៗ ក៏ដូចជាគោលនយោបាយដែលពួកគេបានដាក់ចេញ។

«ខ្ញុំបានលង់ជឿជាមួយការឃោសនា ការញុះញង់របស់គេ។ តែអ្វីៗមិនដូចការអះអាង ដូចការនិយាយរបស់គេនោះឡើយ។ គ្រាន់តែជាប្រជាភិថុតិ និងជានយោបាយមួយបង្កើតឱ្យមានការស្អប់គ្នា និងបណ្តុះអំពើហិង្សាក្នុងសង្គមផងដែរ។ ជានយោបាយដែលខ្ញុំមិនចង់បាននោះឡើយ»។ នេះជាការបញ្ជាក់របស់លោក សុខ រ៉ាយ៉ាន។

ជាមួយនឹងការប្តូរជីវភាពនយោបាយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា លោក សុខ រ៉ាយ៉ាន បានលើកឡើងថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ក៏ដោយសារតែរូបគេបានមើលឃើញច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា។

លោក សុខ រ៉ាយ៉ាន បានបញ្ជាក់ដូច្នេះ «ខ្ញុំបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាគណបក្សនយោបាយតែមួយគត់នៅកម្ពុជា ដែលមានភាពចាស់ទុំ មានគោលនយោបាយច្បាស់លាស់។ ជាពិសេសជាបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ហើយកសាងប្រទេសឱ្យរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ»

អតីតប្រធានចលនាខ្មែរឥស្លាមរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាបរូប បានប្រកាសប្តេជ្ញាស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ហើយប្រឹងប្រែងចូលរួមចំណែកក្នុងកសាងសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។ លោក សុខ រ៉ាយ៉ាន ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត៕