(បាត់ដំបង)៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានលើកឡើងថា កងទ័ពមានមោទនភាពចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទ័ព។ លោកបានលើកឡើងទៀតថា កងទ័ពក៏ពេញចិត្ត និងគាំទ្រពេញទំហឹងចំពោះការជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងបែបនេះ ក្នុងពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៃតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធិនគ្រប់កងឯកភាពចំណុះ ដែលកន្លងមកប្រឹងប្រែងអនុវត្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំដាក់ជូន។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានលើកឡើងពីការចូលរួមប្រតិបត្តិការយ៉ាងសកម្មរបស់កម្លាំងទ័ពនៃតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។ លោកបានគូសបញ្ជាក់ថា កម្លាំងកងទ័ពតំបន់ប្រតិបតិ្តការសឹករងបាត់ដំបង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ ដោយបានអនុវត្តតាមបទបញ្ជា តាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ ធ្វើឱ្យកងទ័ពកាន់តែមានកិត្យានុភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។ ជាពិសេសការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់។

លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ក្នុងឆ្នាំ២០២២នេះ ដោយឈរលើផែនការការងារកសាង ពង្រឹងអង្គភាពឱ្យរឹងមាំលើគ្រប់វិស័យនោះ កងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង ត្រូវធានាឱ្យបានគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូនគ្រប់កងឯកភាព និងត្រូវបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការងារសន្តិសុខ បន្តលើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ពង្រឹងប្រៀបការពារជាតិ ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ បង្កើនធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ប្រកបដោយសុខមាលភាព ត្រូវត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយដោយកត្តាមនុស្ស និងធម្មជាតិជាយថាហេតុ។

ក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានលើកពីស្នាដៃ និងការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនដល់កងកម្លាំងប្រតិបត្តិការសឹករងខេត្តបាត់ដំបង។ លោក សេង ធារិន បានលើកឡើងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត មិនត្រឹមមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងការងាររបស់កងទ័ពប៉ុណ្ណោះទេ តែក៏បានចូលរួមប្រតិបត្តិលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

លោក សេង ធារិន បានបញ្ជាក់ថា ដោយទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំកងកម្លាំងរៀបចំកន្លែងព្យាបាលជំងឺកូវីដ១៩ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ការរៀបចំកន្លែងព្យាបាលជំងឺកូវីដ១៩ គឺជាកិច្ចការឆ្លើយតបបន្ទាន់មួយក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងថា កងទ័ពមានមោទនភាពចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំរបស់ពួកគេ។ លោកបានបន្ថែមថា កងទ័ពក៏បានគាំទ្រយ៉ាងពេញចំពោះការជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ចុងបញ្ចប់នៃកម្មវិធីព្រឹកមិញនេះ លោកឧត្តមសេនីយ៍ សេង ធារិន ក៏បានអញ្ជើញបំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយទាហាន ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងបានឧបត្ថម្ភថវិកា ចំនួន ១,៥០០,០០០រៀលផងដែរ៕