(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី តាមប្រព័ន្ធវីដេអូ។

លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA និងសហការី ព្រមទាំងបានថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់វិទ្យាស្ថាន ERIA ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សព្វផ្សាយ និងព្រឹត្តិកាណ៍នានាពាក់ព័ន្ធនឹងការស្រាវជ្រាវ ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ផងដែរ។

លោកសាស្រ្តាចារ្យ បានអបអរសាទរជូនចំពោះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក្នុងការទទួលតួនាទីជាប្រធាននៃកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ព្រមទាំងភាពជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៨ កាលពីថ្ងៃទី១៦-១៧ ខែមីនា កន្លងទៅ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់វិទ្យាស្ថាន ERIA ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នងឆ្នាំ២០២២។

ក្នុងឱកាសនោះ ដោយមានការអនុញ្ញាតពីលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក្រុមការងារឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានធ្វើបទបង្ហាញដោយសង្ខេបអំពីសមិទ្ធផលសេដ្ឋកិច្ចអាទិភាពក្រោមសសរស្តម្ភសេដ្ឋកិច្ចរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនសម្រាប់ឆ្នាំ២០២២ ដែលទទួលបានការអនុម័ត និងកត់សម្គាល់ក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ កន្លងទៅ។

ទន្ទឹមនឹងនេះ ក្រុមការងារវិទ្យាស្ថាន ERIA បានកត់សម្គាល់អំពីគោលបំណង និងសារៈសំខាន់នៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាពរបស់កម្ពុជា ជាពិសេសគូសបញ្ជាក់អំពីភាពចាំបាច់ និងជំហរគាំទ្រដល់ការសម្រេចបាននូវសមិទ្ធផលទំាងនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងស្តារសេដ្ឋកិច្ចតំបន់ទ្បើងវិញក្នុងបរិបទជំងឺឆ្លងកូវីដ-១៩។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងលោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA បន្ថែមទៀត ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងព្រឹត្តិកាណ៍នានាពាក់ព័ន្ធនឹងការស្រាវជ្រាវ និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នងឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២៕