(ភ្នំពេញ)៖ ប្រឡាយអូរបាក់ទូក ដែលមិនអាចលំហូររំដោះទឹកចេញបានលឿន នៅពេលធ្លាក់ភ្លៀងខ្លាំងម្ដងៗ បណ្ដាលឱ្យជន់លិចផ្លូវ និងលំនៅដ្ឋាន ដោយសារពោពេញទៅដោយការកកស្ទះពីកាកសំណល់សំរាម ពេលនេះត្រូវបានចូលរួមស្ដារសម្អាតឱ្យមានសោភ័ណ្ឌភាពឡើងវិញហើយ សម្រាប់ប្រើប្រាស់ និងបម្រើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ។

សកម្មភាពស្តារសម្អាតប្រឡាយអូរបាក់ទូក ដោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ ក្រោមការដឹកនាំដោយលោកស្រីចៅសង្កាត់ រាជ ផាវឿន តាមការជម្រុញយ៉ាងយកចិត្តទុកដាក់របស់លោក ឯក ឃុនដឿន អភិបាលខណ្ឌ នេះបានអនុវត្តឡើង ស្ថិតនៅក្នុងភូមិទួលសង្កែ និងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបផងដែរថា សម្រាប់សកម្មភាពស្តារសម្អាតប្រឡាយអូរបាក់ទូក ដោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ នេះបានអនុវត្តឡើងជាបន្តបន្ទាប់ និងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបម្រើផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ បើទោះបីអាជ្ញាធរ មិនទាន់ទទួលបានសំណូមពរឲ្យជួយដោះស្រាយក្ដី ពីប្រជាពលរដ្ឋ ក្រោយពីមានការជំរុញ ជំរុញទៀត ទាំងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព និងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ពីសំណាក់លោកអភិបាលខណ្ឌ ឯក ឃុនដឿន៕