(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានរំឮកដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា អំពីគំរូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជន យុទ្ធនារីជំនាន់មុន ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិ។

ការរំឮកបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងឱកាសដែលលោកចុះសួរសុខទុក្ខ និងចែកអំណោយជាថវិការបស់ក្រសួងការពារជាតិឧបត្ថម្ភជូនដល់អង្គភាពជួរមុខចំនួន៤៤អង្គភាព ដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា នៅទិសទី១ ប្រាសាទព្រះវិហាររបស់យោធភូមិភាគទី៤ ប្រមាណជា ២០៤លានរៀល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។

នាយឧត្តមសេនីយ៍ បានរំលឹកដល់កងទ័ព ដោយត្រូវតែបន្តគាំទ្រជានិច្ចចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងការពារឱ្យខានតែបាននូវសុខសន្តិភាព ដែលសម្តេច និងយុទ្ធជនជំនាន់មុនបានពុះពារខិតខំស្វែងរកដោយលំបាក។

នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្នុងភូមិសាស្ត្រតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤ ក្នុងរយៈកាលកន្លងមកនេះ បានពុះពារគ្រប់ការលំបាកក្នុងការកសាងនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពខ្លួនផ្ទាល់ផង និងសម្រាប់ប្រយោជន៍ជាតិផង រហូតមានការរីកចម្រើន ពិសេសបានយកចិត្តទុកដាក់ពង្រឹងបានយ៉ាងរឹងមាំនូវសន្តិសុខ តាមបន្ទាត់ព្រំដែន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីការកសាងបន្ទាត់ព្រំដែនមួយ មានទាំងសន្តិសុខ សន្តិភាព និងមានទាំងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ដែលប្រែក្លាយពីតំបន់ដែលធ្លាប់តែឮស្នូរគ្រាប់កាំភ្លើង ប្រែក្លាយមកជាតំបន់ឮសូរតែស្នូរសូត្រធម៌ និងភ្លេងនៃបទចម្រៀងសប្បាយខ្ញាវខ្ញាអូរអរពីតំបន់ដែលមិនមែនការអភិវឌ្ឍ មកជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសម្ដែងនូវការដឹងគុណចំពោះគំរូវីរភាព ដ៏អង់អាចក្លាហានរបស់វីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងអតីតកាលកន្លងមក បានលះបង់សាច់ស្រស់ ឈាមស្រស់ កាយសម្បទា និងអាយុជីវិតដើម្បីបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងភាពសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងន័យនេះដែរ នាយឧត្តមសេនីយ៍ បានបន្តថា នាយ ពលទាហាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក៏ត្រូវចេះគោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ សាមគ្គីឯកភាពផ្ទៃក្នុង ជាមួយមិត្តរួមអាវុធ និងមិត្តរួមអាជីព រួមសុខ រួមទុក្ខ ជាមួយគ្នាគ្រប់កាលៈទេសៈ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ និងខិតខំបំពេញភារកិច្ចដែលថ្នាក់លើ និងប្រទេសជាតិប្រគល់ឱ្យ ឱ្យបានសម្រេចជោគជ័យគ្រប់ពេលវេលា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជំរុញលើកទឹកចិត្តចិត្តដល់មេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហាន នាយ និងពលអាវុធហត្ថ និងនាយ និងពលនគរបាលជាតិ ដែលជាកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅទិសយោធភូមិភាគទី៤ ឱ្យខិតខំបំពេញការងារបន្តទៀត ពិសេសត្រូវបន្តពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ជាមួយបណ្ដាកងកម្លាំង របស់ប្រទេសជិតខាង ក្នុងការកសាងបន្ទាត់ព្រំដែនមួយ ដែលមានសន្តិភាពពិតប្រាកដ រួមទាំងជំរុញដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើននៅតំបន់ព្រំដែន។

ជាមួយគ្នានេះដែរ ក៏ត្រូវជំរុញចលនាបង្កបង្កើនផល ដាំដុះនូវអនុផលផ្សេងៗឱ្យបានកាន់តែច្រើន ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ ក្នុងអង្គភាព និងគ្រួសារកងទ័ពឱ្យកាន់តែប្រសើរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជូនពរសព្វសាធុការពរជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈជើងការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ឡាវ ទាំងអស់ សូមមានសំណាងល្អ សុខភាពល្អ គ្រប់ក្រុមគ្រួសារ ហើយត្រូវថែរក្សាសុខភាព ឱ្យបានជាប្រចាំដោយត្រូវប្រកាន់យកការរស់នៅស្អាត ហូបចុកស្អាត នឹងធ្វើអនាម័យជាប្រចាំនៅក្នុងអង្គភាព កន្លែងធ្វើការ និងផ្ទះសំបែង ដោយអនុវត្តនៅវិធានការ «៣កុំ និង៣ការពារ»៕