(មណ្ឌលគិរី)៖ សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មាន Fresh News ប្រចាំនៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រលប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ខ្យល់កន្រ្តាក់លាយឡំជាមួយភ្លៀងយ៉ាងខ្លាំង បានបោកបក់ទៅលើផ្ទះប្រជាពលរដ្ឋនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ៣៤ខ្នង បានរលំ និងប៉ើងដំបូល ហើយមនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស។

សេចក្តីរាយការណ៍ បានបន្តថា រហូតដល់ម៉ោង ៩យប់នេះ ខ្យល់បានស្ងប់ស្ងាត់ទៅវិញហើយ ហើយជនរងគ្រោះ ក៏ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះផងដែរ។ បើតាមសេចក្តីរាយការណ៍ ក្នុងចំណោមផ្ទះ ដែលដួលរំលំ និងប៉ើងដំបូលនេះ ក៏មានផ្ទះនាយរងប៉ុស្តិ៍នគរបាលឃុំពូជ្រៃម្នាក់ផងដែរ។

បន្ទាប់ពីទទួលដំណឹងគ្រោះធម្មជាតិនេះភ្លាម លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានបញ្ជាទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តចុះទៅស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះទាំងយប់ផងដែរ។​ លោក ស្វាយ សំអ៊ាង​ ក៏គ្រោងនឹងយកអំណោយកាកបាទក្រហមខេត្តទៅចែកជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃបន្ទាប់នេះ ដើម្បីឲ្យពួកគាត់ដោះស្រាយទុក្ខលំបាក៕