(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងបានដាក់ចេញផែនការអនុវត្តការងារបន្តទៀត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលស្រុក-ក្រុងទាំង៩ និង លោកមេញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ផងដែរ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនការងារសេនាធិការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១កន្លងមក។ លោកឧត្តមសេនីយ៍ស្នងការរង ក៏បានផ្សព្វផ្សាយសេចក្ដីណែនាំលេខ០០៤ ស.ណ.ន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីការពង្រឹងសមត្ថភាពកម្លាំងប្រជាការពារ ដើម្បីត្រៀមបើកវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺននាពេលឆាប់ៗនេះ នៅតាមអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីក្លាយជាកម្លាំងជំនួយ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងគ្រប់អង្គភាពទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ ស្នងការ បានដាក់ចេញនូវផែនការមួយចំនួនដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប បទល្មើសផ្សេងៗ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពតម្លាភាពយុត្តិធម៌។ ក្រៅពីនេះកម្លាំងទាំងអស់ត្រូវមានសាមគ្គីផ្ទៃក្នុង ត្រូវសហការជាមួយជំនាញ និងអាជ្ញាធរពាក់ពន្ធ័ ត្រូវចាត់កម្លាំងប្រចាំការ២៤ម៉ោងលើ២៤ ដើម្បីត្រៀម បង្ការ បង្ក្រាប រាល់បទល្មើសផ្សេងៗ និងផ្តល់សេវាសាធារណ:ជូនពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តឲ្យបានទាន់ពេលវេលានិងត្រូវបន្តអនុវត្ត វិធានរបស់ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន៕