(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា វីរភាពរបស់មនុស្សជំនាន់មុនដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីចូលរួមបម្រើជាតិមាតុភូមិនាពេលកន្លងមក គឺបានផ្តល់សេចក្តីសុខដល់ក្មេងជំនាន់ក្រោយ និងជាកម្លាំងចិត្តជំរុញឱ្យពួកគាត់ចូលរួមការពារសន្តិភាព។

ការលើកឡើងបែបនេះរបស់ លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជន ដែលជាអតីតយុទ្ធជន នគរបាល មន្ត្រីរាជការស៊ីវិល នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា ជាច្រើននាក់។

ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែបានគិតគូពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មូលដ្ឋានទូទាំងប្រទេស ពិសេសចាត់មន្រ្តីគណបក្សចុះជាប់ជាប្រចាំ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានបន្ថែមថា៖ ការជួបសំណេះសំណាលនៅថ្ងៃនេះ គឺជាការដឹងគុណចំពោះពុក ម៉ែ បងប្អូន ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិត ចូលរួមបម្រើជាតិមាតុភូមិនាពេលកន្លងមក ឱ្យទទួលបានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដែលនេះជាគំរូវីរភាពដ៏អស្ចារ្យសម្រាប់យុវជនជំនាន់ក្រោយ ជំរុញឱ្យពួកគាត់យល់ច្បាស់ពីសច្ចភាពប្រវត្តិសាស្ត្រ ចូលរួមសកម្មភាពកិច្ចការនានាបម្រើដល់សង្គមជាតិ ការពារសន្តិភាព និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕